Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ធានាចេញប្រាក់ជំនួសកម្មករ បើម្ចាស់ផ្ទះជួលដល់កម្មករ ដំឡើងថ្លៃផ្ទះ ក្នុងឆ្នាំ២០១៨ (Video inside)

20-12-2017 16:05

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ឱ្យម្ចាស់ផ្ទះជួលដល់កម្មករ កម្មការិនីទាំងអស់ ​កុំឱ្យដំឡើងថ្លៃឈ្នួលនៅឆ្នាំ២០១៨ ដើម្បីសម្រួលដល់ ជីវភាពរបស់កម្មករ កាន់តែប្រសើឡើង ហើយបើសិនមានម្ចាស់ផ្ទះជួលណាដំឡើងថ្លៃផ្ទះនោះ សម្តេចនឹងធានាចេញថ្លៃដំឡើងនោះ ជំនួសកម្មករតែម្តង។ (សូមទស្សនាវិដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នាគ្រាដែលសម្តេចបន្តអញ្ជើញ ចុះជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនី សរុប១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្វីដែលសំខាន់ ត្រូវតែខិតខំអនុវត្តឱ្យបាននូវអ្វីដែលយើងបាននិយាយហើយ រាប់ទាំងឆ្នាំ២០១៨ ផ្ទះឈ្នួលមិនត្រូវឱ្យដំឡើងទេ ត្រូវតែអនុវត្តឱ្យបាន ហើយខ្ញុំធានាម្តងទៀតថា ខ្ញុំនឹងប៉ាវតែម្តង ព្រោះខ្ញុំមិនឱ្យអ្វីដែលខ្ញុំនិយាយទៅហើយមិនអនុវត្តទេ សង្ឃឹមថាម្ចាស់ផ្ទះទាំងអស់ នឹងធ្វើការយោគយល់»

នៅឆ្នាំ២០១៨ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ក្នុងប្រទេសកម្ពុជា នឹងកើនដល់១៧០ដុល្លារ​ក្នុងមួយខែ។ ប្រាក់ឈ្នួលថ្មីៗនេះ នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨តទៅ ជាមួយនឹងការផ្តល់ជូននូវប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

ក្រៅពីការទទួលបានការដំឡើងប្រាក់ឈ្នួល កម្មករទាំងអស់ក៏ទទួលបាននូវការផ្តល់ជូនដូចជារបបគ្រោះថ្នាក់ការងារ សេវាថែទាំសុខភាព ការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ហើយឆ្នាំ២០១៩ កម្មករ ក៏ទទួលបានប្រាក់សោធននិវត្តន៍ដូចទៅនឹងមន្រ្តីរាជការផងដែរ៕