(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមិនត្រូវពឹងផ្អែកលើការដងដង្ហើមពីខាងក្រៅនោះទេ ហើយកម្ពុជាក៏មិនត្រូវពឹងផ្អែកលើវិស័យតែមួយនោះដែរ គឺកម្ពុជាត្រូវតែអភិវឌ្ឍលើគ្រប់វិស័យ។ (សូមទស្សនាវិដេអូប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន)

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នាគ្រាដែលសម្តេចបន្តអញ្ជើញចុះជួប សំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនី សរុប១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប បានស្នើឱ្យមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា តាមរយៈការបិទការអនុគ្រោះពន្ធ ក្រោយមានការរំលាយ គណបក្សសង្រ្គោះជាតិ ដែលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកយល់ថា ជាដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនត្រូវរស់ ដោយសារការដកដង្ហើមពីនេះ ឬពីនោះទេ ពិភពលោកចំណុះ​ឱ្យគ្នាទៅវិញទៅមក គេនាំទំនិញរបស់គេមកកាន់ប្រទេសរបស់យើង យើងក៏នាំទំនិញរបស់យើង ទៅកាន់ប្រទេសរបស់គេ​»

ចំពោះការឆ្លើយតបទៅនឹងការព្រមានបិទការអនុគ្រោះពន្ធ ត្រូវសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ក៏កម្ពុជាត្រូវបានកាត់ផ្តាច់ការអនុគ្រោះពន្ធដូចគ្នា ដោយសារតែកម្ពុជាបានចាកចេញពីប្រទេសក្រីក្រ មកនៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយត្រូវបានព្យាករណ៍ថា នៅឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដែលនឹងលែងមានការអនុគ្រោះពន្ធតែម្តង។

សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មានតែប្រទេសក្រីក្រប៉ុណ្ណោះ ដែលទទួលបាននូវភាពអនុគ្រោះអំពីពន្ធដាសម្រាប់ទៅប្រទេសផ្សេងៗ ឧហហរណ៍ ការនាំចូលទៅកាន់សហរដ្ឋអាមេរិក​ យើងបានទទួល MFN គឺនៅទស្សវត្ស៩០ ប៉ុន្តែត្រូវបានបញ្ចប់តាំងពីឆ្នាំ២០០៤ អញ្ចឹងយើងនាំទៅកាន់សហរដ្ឋអាមេរិកគឺបង់ពន្ធធម្មតា ឯចំពោះកម្មវិធីនៅអឺរ៉ុប អ្វីៗត្រូវបានអនុគ្រោះពន្ធទាំងអស់ លើកលែងតែអាវុធ វានៅតែរង់ចាំពេលវេលាមកដល់ប៉ុណ្ណោះ ព្រោះថានៅពេលដែលប្រទេស មានការលូតលាស់ដល់កម្រិតមួយហើយ គេនឹងចាប់ផ្តើមកាត់ផ្តាច់របបអ្វីៗទាំងអស់លើកលែងតែអាវុធ ហើយប្រគល់ឱ្យទៅប្រទេសដទៃ ដែលមានការអភិវឌ្ឍទាបជាង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនត្រឹមពឹងផ្អែកលើវិស័យតែមួយនោះទេ ហើយកម្ពុជាត្រូវតែអភិវឌ្ឍវិស័យផ្សេងៗទៀត ក្នុងនោះមានកសិកម្ម ឧស្សាហកម្ម និងសេវាកម្មជាដើម។ សម្តេចបញ្ជាក់ថា៖ «ដូច្នេះយើងមិនអាចពឹងពាក់លើផ្នែកមួយ ហើយភ្លេចផ្នែកមួយនោះទេ យើងអភិវឌ្ឍទាំងក្នុងវិស័យកសិកម្ម យើងដោះស្រាយការងារទាំងក្នុងវិស័យកសិកម្ម យើងដោះស្រាយការងារទាំងក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល យើងដោះស្រាយការងារទាំងក្នុងវិស័យសេវា»។

សម្តេចតេជោ ហ៊ុន សែន ក៏បា​នបញ្ជាក់ទៀតថា សម្រាប់កម្ពុជា មិនត្រូវមានសន្លឹកបៀរតែមួយដើម្បីលេងនោះទេ ត្រូវតែមានសន្លឹកបៀរឱ្យច្រើនថែមទៀត៕