(ភ្នំពេញ)៖ កម្មករ កម្មការិនី កំពុងពឹងអាស្រ័យ និងផ្ញើជីវិតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងចំពោះការអំពាវនាវឲ្យអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុបបញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលដទៃទៀត ដែលផលិតនៅក្នុងប្រទេសកម្ពុជា។

ការប្រតិកម្មរបស់កម្មករបានកើតមានឡើង បន្ទាប់ពីថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បាននិងកំពុងធ្វើយុទ្ធនាការយ៉ាងសស្រាក់សស្រាំនៅក្រៅប្រទេសឲ្យសហគមន៍អន្តរជាតិដាក់វិធានការផ្សេងៗលើរាជរដ្ឋាភិបាល ជាថ្នូរឲ្យពួកគេបានចូលរួមធ្វើសកម្មភាពនយោ បាយឡើងវិញ។ ក្រៅពីក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ក្នុងបទសម្ភាសន៍នាពេលកន្លងទៅជាមួយវិទ្យុអាស៊ីសេរី ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម និងបញ្ឈប់ការបញ្ជាទិញផលិតរបស់កម្ពុជាឲ្យបានឆាប់ផងដែរ។

អ្នកស្រី នួន ធីតា ធ្វើការនៅរោងចក្រហុងវ័ន្តបានថ្លែងថា ប្រសិនអន្តរជាតិឈប់ទិញសម្លៀកបំពាក់ និងផលិតផលដទៃទៀត របស់កម្ពុជាមែននោះ វានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ពួកគាត់នាពេលបច្ចុប្បន្ន។ អ្នកស្រីបានចាត់ទុកការអំពាវនាវទាំងអស់នេះ គឺជាប្រឆាំងជាមួយជីវភាព និងបំផ្លាញឆ្នាំងបាយរបស់កម្មករ ដែលកំពុងពឹងអាស្រ័យលើការងារក្នុងវិស័យកាត់ដេរជាចាំបាច់នាពេលបច្ចុប្បន្ន។

អ្នកស្រីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ពួកខ្ញុំជាកម្មករទាំងអស់មិនគាំទ្រជាដាច់ខាត។ គាត់ធ្វើអ៊ីចឹង គឺគាត់បំផ្លាញកូនខ្មែរ បំផ្លាញខ្មែរទាំងអស់ បើសិនសហភាពអឺរ៉ុបគេលុបការបញ្ជាទិញផលិតស្រុកខ្មែរយើង គឺខ្ញុំអត់ការងារធ្វើ។ អ៊ីចឹងប៉ះពាល់កូនខ្មែរគ្រប់គ្នា អ៊ីចឹងខ្ញុំអត់គាំទ្រដាច់ខាតទាំងនៅក្រៅស្រុក និងនៅក្រៅស្រុក»

អ្នកស្រីបន្តថា «និយាយទៅប៉ះពាល់ច្រើន គឺបំបែកឆ្នាំងបាយរបស់កម្មករតែម្តង។ ជួបផលលំបាកច្រើនកូនខ្មែរអត់ការងារធ្វើ ការងាររោងចក្រនេះអាចយកទៅដោះស្រាយជីវភាពធូរធារបានមួយកម្រិត ហើយកម្មករខ្លះទៀតសុទ្ធតែខ្ចីលុយធនាគារ បើអត់មានការកុម្ម៉ង់ទិញមកពួកខ្ញុំដឹងតែលំបាកហើយ»

កម្មការិនីម្នាក់ទៀត ក៏បានបញ្ជាក់ផងដែរថា ការងារកាត់ដែរសម្លៀក និងស្បែកជើងនាពេលបច្ចុប្បន្ននេះ ពិតជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់ជីវភាពរបស់នាង និងក្រុមគ្រួសារ ក៏ដូចជាកម្មករ កម្មការិនីដទៃទៀត។ អ្នកនាង ស៊ុម សុភា បានលើកឡើងថា បើអន្តរជាតិឈប់ទិញសម្លៀកបំពាក់ និងទំនិញដទៃទៀតពីប្រទេសកម្ពុជាតាមការអំពាវនាវរបស់ក្រុមអ្នកនយោបាយ ដែលបាត់បង់សិទ្ធិនយោបាយមែននោះ ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងជួបបញ្ហាជាខ្លាំង។

អ្នកនាង ស៊ុម សុភា បានថ្លែងបញ្ជាក់ដូច្នេះ «ទង្វើរបស់គាត់ហ្នឹងខ្ញុំក៏អត់គាំទ្រដែរ គាត់គិតតែពីផលប្រយោជន៍នយោបាយ អត់គិតពីផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនោះទេ»

ទន្ទឹមនឹងការខឹងសម្បាបងប្អូនកម្មករ កម្មការិនី ក៏បានទទូចផងដែរ ទៅដល់ក្រុមមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ឲ្យបញ្ឈប់ធ្វើយុទ្ធនាការសូមអន្តរជាតិដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា ប្រសិនបើពួកគេស្រឡាញ់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីមែននោះ។

អ្នកនាង ស៊ុម សុភា បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់ពួកគាត់ទាំងអស់គ្នា ដែលព្យាយាមឲ្យគេដាក់ទណ្ឌកម្មមកលើកម្ពុជា សូមគិតពីសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋយើងផង កុំយកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនមកបំផ្លាញប្រជាជន។ គាត់គួរតែដោះស្រាយរឿងនយោបាយជាមួយអ្នកនយោបាយ មិនគួរយកប្រជាជន និងបងប្អូនកម្មករ កម្មការិនីទាំងអស់គ្នាធ្វើជាខែល ដើម្បីនយោបាយរបស់ពួកគាត់ទេ»

សុភា បន្តអំពាវនាវថា «សូមអ្នកនយោបាយទាំងអស់ហ្នឹងបញ្ឈប់រាល់ទង្វើរបស់គេ។ ដោះស្រាយគ្នានៅលើតុ កុំយកកម្មករធ្វើជាចំណាប់ខ្មាំង ធ្វើជាផលប្រយោជន៍នយោបាយរបស់ខ្លួនឯង អ៊ីចឹងអ្នកទទួលផលលំបាកគឺប្រជាជន មិនមែនពួកបក្សប្រឆាំងនោះទេ»

សភាសហគមន៍អឺរ៉ុបកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ បានអនុម័តជាឯកច្ឆន្ទក្នុងកិច្ចប្រជុំពេញអង្គសភាអឺរ៉ុប ដោយស្នើរដ្ឋាភិបាលសហគមន៍អឺរ៉ុបទាំងអស់ ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន។ ការសម្រេចនេះបានធ្វើឡើងតបតាមការអំពាវនាវរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅទំហំនាំចេញផលិតផលទៅកាន់សហគមន៍អឺរ៉ុប មានជាង ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈការនាំចេញទៅអាមេរិកមានជិត ៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញទៅអឺរ៉ុបគឺទទួលបានការអនុគ្រោះពន្ធរហូតដល់ ៦៧៦លានដុល្លារអាមេរិក។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា អ្វីដែលសភាសហគមន៍អឺរ៉ុបបានសម្រេចនេះ មិនប្រាកដថា នឹងត្រូវរដ្ឋាភិបាលអឺរ៉ុបអនុវត្តន៍នោះឡើយ ព្រោះត្រូវការសេចក្តីសម្រេច និងព្រមព្រៀងពីប្រទេសជាសមាជិក។

នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ដាក់ចេញវិធានកាយចំនួនសម្រាប់ទប់ទល់ជាមួយទណ្ឌកម្មណាមួយពីបរទេស ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច និងការផ្តល់ការងារជូនប្រជាពលរដ្ឋ។

ដើម្បីទប់ស្កាត់ការអនុវត្តន៍វិធានការទណ្ឌកម្មណាមួយពីអន្តរជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យអភិវឌ្ឍន៍ទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងកម្មន្តសាលជាដើម។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញគម្រោងបង្កើតធនាគារសម្រាប់សហគ្រាសធន់តូច និងមធ្យមជាមួយទុនប្រមាណ ១០០លានដុល្លារផងដែរ ដើម្បីជំរុញការផលិតនៅកម្ពុជា ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋ៕