(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយ៧,៣១៥,៩០៨ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសំខាន់ចំនួន១៦ នៅកម្ពុជា ក្នុងដំណាក់កាលទី១។

ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយនេះ នឹងធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះនៅទីស្តីការក្រសួងការបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា ស្ថិតក្រោមក្របខ័ណ្ឌមូលនិធិពិសេសមេគង្គ-ឡានឆាង គម្រោងចំនួន១៦ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងតាលី ប្រទេសចិន។

គម្រោងអភិវឌ្ឍន៍សំខាន់ៗទាំង១៦នោះរួមមាន៖
១. កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍព្រះពុទ្ធសាសនា និងសិក្ខាសាលាស្តីពីប្រសិទ្ធភាព នៃ ការគ្រប់គ្រងពុទ្ធសាសនាថេរវាទទៅតាមបណ្តាប្រទេសទន្លេមេគង្គ
២. សិក្ខាសាលាបណ្តុះបណ្តាលមេគង្គ-ឡានឆាង និងផ្សព្វផ្សាយស្តង់ដាទេសចរណ៍ នៃ សហគមន៍អាស៊ាន
៣. ការរិចរិលដី និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន តាមរយៈការគ្រប់គ្រងដី ប្រកបដោយនិរន្តភាព
៤. ការស្តារឡើងវិញព្រៃឈើ និងការលើកកម្ពស់ការប្រើប្រាស់ព្រៃឈើប្រកបដោយចីរភាព នៅអាស៊ីអាគ្នេយ៍
៥. ការលើកកម្ពស់ប្រសិទ្ធិភាព នៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុង បណ្តាប្រទេសទន្លេមេគង្គ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ ដើម្បីការគ្រប់គ្រងជលផល ប្រកបដោយនិរន្តភាព
៦. អ្នកស្ម័គ្រចិត្ត ICT មេគង្គ-ឡានឆាង
៧. លើកកម្ពស់ការតភ្ជាប់ចរាចរណ៍អាកាសនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងចិន
៨. ការលើកកម្ពស់ការស្រាវជ្រាវ និងកិច្ចសន្ទនា ស្តីពីកិច្ចសន្យាកសិកម្មនៅតាមបណ្តា ប្រទេសមេគង្គ-ឡានឆាង
៩. ការអភិវឌ្ឍន៍សហគមន៍ចម្រុះតាមបណ្តាដងទន្លេមេគង្គ
១០. ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទក្នុងប្រទេសកម្ពុជា
១១. សន្និសីទមេគង្គ-ឡានឆាង ស្តីពីសហគ្រាសវប្បធម៌ធុនតូច និងមធ្យម
១២. ការទប់ស្កាត់ការលួច ការជីក ការនាំចូលនាំចេញខុសច្បាប់តាមតំបន់មេគង្គ-ឡានឆាង
១៣. ប្រព័ន្ធត្រួតពិនិត្យគុណភាពទឹកនៅតាមដងទន្លេមេគង្គ និងការបង្កើតមជ្ឈមណ្ឌលព័ត៌មាន
១៤. ការស្រាវជ្រាវរួម និងការអភិវឌ្ឍន៍បចេ្ចកវិទ្យានៅក្នុងការវិនិច្ឆ័យហានិភ័យ ការតាមដាន ត្រួតពិនិត្យ និងការបង្ការជាមុននូវជម្ងឺគ្រុនឈាម
១៥. ការបង្កើនការការពារមេគង្គ-ចិន និងកម្មវិធីកិច្ចសន្ទនាគោលនយោបាយ
១៦. កម្មវិធីគាំទ្រសម្រាប់ឱកាសទទួលបាននូវអាហារូបករណ៍ចំពោះនិស្សិតក្រីក្រ សម្រាប់ ការសិក្សាលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅប្រទេសចិន៕