(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មោះមត់អង់អាច ដែលជ្រើសចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជានោះ បានបង្ហាញឆន្ទៈការពារប្រជាពលរដ្ឋ និងប្រទេសកម្ពុជាថា សម្ដេចមិនអនុញ្ញាតឲ្យជនក្បត់ជាតិណា ឬបរទេសណាមកបំផ្លាញកម្ពុជា ដូចទៅនឹងអតីតកាលដ៏ជូរចត់ម្ដងទៀតឡើយ ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែទប់ស្កាត់ជាដាច់ខាត។

សម្ដេចថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយតំណាងកម្មករ-កម្មការិនី ១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ គ.ស ២០១៧។

ជាមួយនឹងការប្ដេជ្ញាការពារប្រជាពលរដ្ឋ និងប្រទេសកម្ពុជាយ៉ាងម៉ឺងម៉ាត់ដូចនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យកម្មករ-កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសដ៏កំសត់ ដែលរងនូវការជិះជាន់ពីពួកបរទេសមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សង្ឃឹមថា ក្មួយៗនឹងចូលរួមចំណែកដើម្បីឲ្យប្រទេសមួយនេះ ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន គ្មានសង្គ្រាមរាំងជល់។ យើងបានកម្ចាត់រួចហើយ នូវអ្នកបង្កើតសង្គ្រាមតាមរយៈបដិវត្តពណ៌ យើងមិនផ្ដល់ឱកាសដល់អ្នកណា បំផ្លាញជាតិមួយនេះ ដែលនាំទៅដល់ការស្លាប់មនុស្សសារជាថ្មី ក្នុងប្រទេសរបស់យើងទៀតនោះទេ បើទោះបីជារងដោយតម្លៃណាក៏ដោយ ក៏យើងមិនត្រូវឲ្យប្រទេសជាតិរបស់យើងស្លាប់មនុស្សដែរ»

សម្ដេចបានអំពាវទៅកម្មករ-កម្មការិនីបន្តថា «ពូសូមផ្ដាំដើម្បីរក្សាការងារធ្វើ ដើម្បីរក្សាប្រាក់ចំណូលរបស់យើង ដំបូងបំផុតប្រទេសមួយត្រូវមានសន្តិភាព មានឯករាជ្យ និងអធិបតេយ្យ ទើបប្រទេសនោះអាចធានបាននូវការរីកលូតលាស់ ហើយនិងមានភាពធុន ក្នុងការទប់ទល់ពីគ្រប់មជ្ឈដ្ឋានខាងក្រៅនោះទេ នៃបញ្ហាការបង្កហេតុក្ដី ឬក៏បញ្ហាទាក់ទងនឹងវិបត្តិខាងក្រៅក្ដី គ្មានសន្តិភាព នឹងគ្មានការអភិវឌ្ឍបានទេ ទាំងអស់គ្នាត្រូវចង់ចាំ»

មេដឹកនាំចលនាតស៊ូរំដោះជាតិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរំឭកនូវទុក្ខសោកពីអតីតកាលថា ឪពុកម្ដាយ ជីដូនជីតារបស់យុវជនជំនាន់ថ្មីនេះ មានការលំបាកខ្លាំងណាស់ ពីអតីតកាល ពួកគាត់គ្មានសិទ្ធិជ្រើសរើសថា ត្រូវធ្វើអ្វីនោះទេ ពីព្រោះយុវជននៅសម័យនោះ ស្ថិតនៅជាចំណាត់ខ្លាំងនៃសង្គ្រាម ទោះនៅខាងភាគីណាក៏ដោយ ក៏ត្រូវតែធ្វើទាហាន ចេញច្បាំងសម្លាប់ពូជសាសន៍គ្នាឯងដែរ ក្នុងនោះសម្ដេចបានសង្កត់ធ្ងន់ថា «នោះហើយ គឺជាការបែកបាក់ជាតិ»

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្យត្រូវខិតខំរក្សាសន្តិភាពឲ្យបានខ្ជាប់ខ្ជួន ពីព្រោះបើគ្មានសន្តិភាព គឺគ្មានអ្នកវិនិយោគ គ្មានទេសចរមកទស្សនានៅកម្ពុជាឡើយ។ ត្រូវខិតខំរួមគ្នាដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ ព្រោះវាជាការបង្កើតស្ថានភាពអនុគ្រោះដល់ការអភិវឌ្ឍ បង្កើតឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់គ្នា៕