(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការការពារ និងការថែទាំរថយន្តបែបលក្ខណៈស្តង់ដារ ស៊ីធីអេស (C.T.S) បានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលមានទីតាំងស្ថិតនៅទល់មុខនឹងផ្សាទំនើប TK ក្នុងទិសដៅបំពេញតម្រូវការ របស់អតិថិជនដែលមានប្រើប្រាស់ នូវរថយន្តទំនើបៗ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន មុនពិធីបើកសម្ពោធ លោក លីម សុខឃាង អគ្គនាយកក្រុមហ៊ុន ខេប៊ី ស៊ីធីអេស គ្រីស្តាល់ អូតូ សឺវីស ប្រចាំកម្ពុជា បានឲ្យដឹងថា ដោយមើលឃើញថា នៅកម្ពុជា នៅខ្វះមជ្ឈមណ្ឌល ដែលថែទាំរថយន្តដែលមានស្តង់ដារ និងស្របពេលដែលក្រុមហ៊ុនរបស់លោក ទទួលបានជោគជ័យខ្លាំង លើឡូហ្គោ ស៊ីធីអេស នៅប្រទេសថៃជាង១០ឆ្នាំ ទើបលោកសម្រេចបើកមជ្ឈមណ្ឌលនេះឡើង នៅប្រទេសកម្ពុជា។
លោកអគ្គនាយក បានលើកឡើងទៀតថា ស៊ីធីអេស គឺជាមជ្ឈមណ្ឌលតែមួយ នៅក្រុងភ្នំពេញ សម្រាប់ការការពារ និងការថែទាំរថយន្ត ដើម្បីភ្លឺចាំងជាមួយថ្នាំកូត ការបាញ់ថ្នាំជាមួយ និងសារធាតុស៊ីលិកា ដែលមានគុណភាពខ្ពស់ បង្កើតគ្រីស្តឆាល់ ដើម្បីការពាររថយន្តយ៉ាងពិសេស។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុនមាន សេវាដើម្បីការពារពាក់ព័ន្ធ នឹងកញ្ចក់នៅក្រោមនាយកដ្ឋាន អូតូ ហ្វៀម ស្ទីឌីយ៉ូ ជាមួយសន្លឹកសម្រាប់កញ្ចក់ខាងមុខ ជាមួយនឹងការបង្កើត សន្លឹកការពារ ដែលទទួលបានពន្លឺខាងក្រៅដោយផ្ទាល់។
ដោយឡែក នៅក្នុងពិធីសម្ពោធជាផ្លូវការនេះ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ បានសម្តែងការសាទរ ជាមួយនឹងវត្តមានថ្មីរបស់មជ្ឈមណ្ឌលថ្មីនេះ ដោយបានបង្ហាញពីភាព រីកចម្រើនរបស់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ និងគ្រប់វិស័យ ជាពិសេសវិស័យខាងផ្នែកសេវាកម្មតែម្តង។
លោក នួន ផារ័ត្ន មានជំនឿជឿជាក់ថា នាពេលខាងមុខនឹង មានការបើកសម្ពោធហាង និងក្រុមហ៊ុនដទៃផ្សេងទៀត ខណៈដែលសេដ្ឋកិច្ចនៅកម្ពុជា មានភាពល្អប្រសើរឡើង៕