(ភ្នំពេញ)៖ ក្រុមហ៊ុន ផាយ ផេ (Pi Pay) បានអភិវឌ្ឍវិស័យទូទាត់មិនប្រើក្រដាសប្រាក់នៅកម្ពុជា មិនទាន់បាន៦ខែនៅឡើយទេ ហើយនៅថ្ងៃទី២០ ខែធ្នូនេះ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀង ភាពជាដៃគូជាមួយនឹង Alipay ជាក្រុមហ៊ុនផ្ដល់សេវាទូទាត់ចល័ត និងតាមអនឡាញធំជាងគេបំផុតក្នុងពិភពលោក ដែលប្រតិបត្តិការដោយសម្ព័ន្ធក្រុមហ៊ុន Ant Financial Services Group។
តាមរយៈកិច្ចព្រមព្រៀងនេះ ធ្វើឲ្យ ផាយ ផេ ក្លាយជាដៃគូក្នុងស្រុកដំបូងគេរបស់ Alipay នៅកម្ពុជា ដែលអនុញ្ញាតឲ្យអាជីវករអាចចូលរួមប្រើប្រាស់កម្មវិធី Alipay និងឈោងចាប់យកអតិថិជន ជាភ្ញៀវទេសចរណ៍ចិន បានកាន់តែច្រើនថែមទៀត។ កម្មវិធីទូទាត់ដោយមិនប្រើក្រដាសប្រាក់ ផាយ ផេ បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយក្លាយជាជម្រើសដ៏ពេញនិយម នៅក្នុងរាជធានីភ្នំពេញ សម្រាប់ការទូទាត់ដោយប្រើឧបករណ៍ចល័ត ដោយក្នុងនោះមានការទាញយកកម្មវិធីនេះរហូតដល់ទៅជាង ១៦,៨០០០ដង ហើយទឹកប្រាក់សរុបរហូតដល់ទៅ ២៧លានដុល្លារ ត្រូវបានអ្នកប្រើប្រាស់ចាយវាយ និងផ្ទេរតាមរយៈកម្មវិធីនេះ ។
ភាពជាដៃគូនេះនឹងធ្វើឲ្យកម្មវិធី Alipay ក្លាយជាជម្រើសភ្លាមៗសម្រាប់ភ្ញៀវទេសចរណ៍ចិន ក្នុងការទូទាត់ការចំណាយជាមួយបណ្ដាញអាជីវកររបស់ ផាយ ផេ នៅក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃ ផាយ ផេ មានដៃគូអាជីវកម្មជាង ១,៤០០ កន្លែង ដែលក្នុងនោះមានទាំងភោជនីយដ្ឋានលំដាប់ប្រណីត ហាងលក់សម្លៀកបំពាក់ និងស្ប៉ា ក៏ដូចជាមីនីម៉ាត និងស្ថានីយ៍ប្រេងឥន្ធនៈផងដែរ។
ជាមួយនឹងភាពជាដៃគូនេះ ភ្ញៀវទេសចរណ៍ចិនដែលធ្វើដំណើរមកកម្ពុជានឹងអាចប្រើប្រាស់កម្មវិធី Alipay សម្រាប់ការទូទាត់ចំណាយ នៅគ្រប់ទីកន្លែងដែលមានដាក់កូដ QR របស់ ផាយ ផេ។ អាជីវករកម្ពុជា ដែលជាដៃគូរបស់ ផាយ ផេ នឹងអាចប្រើប្រាស់ប្រព័ន្ធ ផាយ ផេ របស់ខ្លួន ដើម្បីទទួលការទូទាត់ពី អ្នកប្រើប្រាស់កម្មវិធី Alipay បាន ។ ធ្វើដូច្នេះ នឹងជួយបង្កើនមូលដ្ឋាន អតិថិជនសក្ដានុពល ដែលជាភ្ញៀវទេសចរណ៍ចិន ឬនិវាសនជនចិននៅកម្ពុជាដែលប្រើប្រាស់កម្មវិធី Alipay។
នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ លោកថូម៉ាស ផូករនី (Tomas Pokorny) ថ្លែងថា ក្រុមហ៊ុន ផាយ ផេ មានកេរ្តិ៍ឈ្មោះរឹងមាំ ក្នុងនាមជាជម្រើស នៃការទូទាត់ប្រាក់ដោយមិនប្រើក្រដាសប្រាក់ សម្រាប់ប្រទេសកម្ពុជា ហើយស្របពេលដែលចំនួនភ្ញៀវទេសចរណ៍ចិនមកកម្ពុជា មានចំនួនកាន់តែច្រើនឡើង ហើយចង់បានភាពងាយស្រួល ក្នុងការទូទាត់ទំនិញ និងសេវាតាមរយៈទូរស័ព្ទរបស់ខ្លួន ដូចទម្លាប់ដែលគាត់ធ្វើនៅឯប្រទេសកំណើត ដូច្នេះ ភាពជាដៃគូជាមួយ Alipay នេះ គឺជាការសម្រេចចិត្តដែលសក្តិសម។
លោក ថូម៉ាស ផូករនី ថ្លែងថា៖ «យើងពិតជាមានមោទនភាព ដែល Alipay ទទួលស្គាល់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន Pi Pay ក្នុងការបង្ហាញឲ្យឃើញពីតម្រូវការនៃការទូទាត់ ដោយមិនប្រើក្រដាសប្រាក់នៅកម្ពុជា។ យើងទន្ទឹងរង់ចាំក្នុងការធ្វើការរួមគ្នា ដើម្បីបង្កើនចំនួនទីតាំងនៅទូទាំងប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចិនអាចទូទាត់ ដោយមិនប្រើក្រដាសប្រាក់បាននៅទីនេះ»។ ក្រសួងទេសចរណ៍របស់កម្ពុជាបានព្យាករណ៍ថា គិតត្រឹមឆ្នាំ ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន ២ លាននាក់ ដែលក្នុងនោះ ភាគច្រើនសុទ្ធតែពេញចិត្តចំពោះគុណប្រយោជន៍នៃការមិនប្រើក្រដាសប្រាក់នៅក្នុងការរស់នៅរបស់ខ្លួន។ ដូច្នេះ យើងមានក្តីរំភើបចំពោះចំពោះសមិទ្ធផលនេះសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ពាណិជ្ជករដៃគូរបស់យើងដែលនឹងទទួលអត្ថប្រយោជន៍ពីកំណើនអតិថិជនរបស់ខ្លួន”។
លោកស្រី ឈឺរី ហ៊័ង (Cherry Huang) នាយកចាត់ការទូទៅផ្នែកអាជីវកម្មអន្តរជាតិ ក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានថ្លែងផងដែរថា៖ «Alipay មានបំណងនាំយកភាពងាយស្រួល ដែលអ្នកប្រើប្រាស់ជាជនជាតិចិន ទទួលបាននៅក្នុងប្រទេសកំណើតរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសនានានៅបរទេស ដែលខ្លួនទៅលេង។ ហើយយើងអាចសម្រេចការងារនេះ បានតាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការពង្រីកប្រព័ន្ធអាជីវករ និងប្រព័ន្ធដៃគូរបស់យើងទូទាំងសកលលោក។ ដោយសារកម្ពុជា ជាគោលដៅទេសចរណ៍ពេញនិយម ក្នុងចំណោមភ្ញៀវទេសចរណ៍ចិនបែបនេះ ដូច្នេះយើងមានសេចក្តីរំភើបរីករាយ ក្នុងការស្វាគមន៍ ផាយ ផេ មកធ្វើជាដៃគូអាជីវកម្ម ដើម្បីផ្ដល់អត្ថប្រយោជន៍នានាដល់អ្នកប្រើប្រាស់របស់យើង ហើយទន្ទឹមនឹងនេះផ្ដល់នូវមូលដ្ឋានដែលមានប្រសិទ្ធភាពសម្រាប់អាជីវកម្មក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាដើម្បីឈោងចាប់យកអតិថិជនចិន»។
ភ្ញៀវទេសចរណ៍ចិន ដែលចូលចិត្តមកលេងប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងឆ្នេរសមុទ្រនាខេត្តព្រះសីហនុ កំពុងមកលេងនៅកម្ពុជាក្នុងចំនួនច្រើន គឺសឹងតែស្មើនឹងមួយភាគបួននៃភ្ញៀវទេសចរណ៍សរុបប្រមាណ ៥លាននាក់កាលពីឆ្នាំ ២០១៦ ហើយភ្ញៀវទេសចរណ៍ចិនត្រូវបានព្យាករណ៍ថា នឹងមានកំណើនជាង ៤០% នៅឆ្នាំ ២០១៧។
ការច្រៀតចូលរបស់សេវាទូទាត់ មិនប្រើក្រដាស់ប្រាក់។ ចិន ត្រូវបានជំរុញដោយការប្រើប្រាស់កូដ QR ដ៏ទំនើប ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្កែន កូដ QR របស់អាជីវករ ដោយប្រើប្រាស់កម្មវិធី Alipay របស់ខ្លួន រួចហើយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់ និងចុចពាក្យ «យល់ព្រម» ដោយពុំមានការកាន់សាច់ប្រាក់ ឬការរង់ចាំអាប់លុយនោះទេ៕