(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញសេចក្តីប្រកាស ឲ្យបិទការចាក់ផ្សាយបទចម្រៀង «គ្រូបង្រៀនស្រវឹងស្រា» ច្រៀងដោយរបស់លោកស្រី ចេន សាយចៃ របស់ផលិតកម្មថោន (Town)។

 បើតាមលិខិតរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «ការបិទបទចម្រៀងដែលច្រៀងដោយ លោកស្រី ចេន សាយចៃ គឺដោយសារតែបទចម្រៀងនេះ មានខ្លឹមសារបង្អាប់ ប្រមាថកិត្តិយស និងសេចក្ដីថ្លៃថ្នូរដល់គ្រូបង្រៀន ដែលនឹងជះឥទ្ធពលមិនល្អដល់សង្គមទាំងមូល ហើយបានដក់ជាប់ នឹងអារម្មណ៍របស់កុមារតូចៗ ដែលពុំទាន់មានការគិតពិចារណាច្បាស់លាស់»។

សេចក្តីជូនដំណឹងរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា « រាល់ស្ថានីយវិទ្យុ ឬទូរទស្សន៍ទាំងអស់ឲ្យបានជ្រាបថា ក្រសួងព័ត៌មានមិនឲ្យចាក់ផ្សាយបទចម្រៀង ដែលមានចំណងជើងថា គ្រូបង្រៀនស្រវឹងស្រា របស់ផលិតកម្មថោន ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧តទៅ»៕