(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតធនាគារថ្មីមួយទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ឥណទាន ក្នុងបង្កើនការផលិត និងបង្កើតការងារ ជូនដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែច្រើន។

បើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធនាគារសហគ្រាសធុនតូច និងធម្យ មដែលត្រូវបង្កើតឡើងថ្មីនេះ នឹងប្រើប្រាស់ដើមទុនចាប់ផ្តើម១០០លានដុល្លារសហរដ្ឋអាមេរិក។

ការប្រកាសបែបនេះ របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នាគ្រាដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយតំណាងកម្មករ កម្មការិនី សរុប១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងយ៉ាងដូច្នេះថា​ «ថ្ងៃនេះ ខ្ញុំចង់បញ្ចេញសារ ទៅកាន់សហគ្រាសធុនតូច និងមធ្យមទាំងឡាយថា រាជរដ្ឋាភិបាលនឹងឈានទៅដល់ការបង្កើត ឲ្យមាននូវធនាគារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចាប់ផ្តើមពីដើមទុន១០០លានដុល្លារសហរដ្ឋអាមេរិក។ មិនទាន់មានការសម្រេចជាផ្លូវការ ជាលាយលក្ខណ៍អក្សរនៅឡើយទេ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីដែលនិយាយបែបនេះហើយ គឺមិនអាចដកថយបានឡើយ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកថា ការបង្កើតនៅធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ បង្ហាញពីការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឹងប្រែងបង្កើតឲ្យមានមុខរបរ និងបង្កើនឲ្យមានការងារធ្វើកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនកម្ពុជា ហើយជាពិសេស គឺជាការជំរុញឲ្យមានការផលិត ផលិតផលក្នុងស្រុក ឲ្យកាន់តែច្រើន ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន និងជំរុញការនាំចេញផងដែរ។

បើតាមប្រសាសន៍របស់សម្តេចតេជោ ក្នុងមួយឆ្នាំៗយុវជនកម្ពុជា បានហក់ចូលក្នុងទីផ្សារការងារប្រមាណពី២៥-៣០ម៉ឺននាក់ ដូច្នេះហើយការជំរុញឲ្យមានការបង្កើតការងារកាន់តែច្រើន គឺចាំបាច់ដើម្បីស្រូបយកកម្លាំងពលកម្ម ដែលជាយុវជនពោរពេញ ដោយថាមពល។

សូមជម្រាបថា បើតាមទិន្នន័យជំរឿនសហគ្រាសឆ្នាំ២០១១ របស់ក្រសួងផែនការ បានឲ្យដឹងថា ចំនួនសហគ្រាសកម្ពុជាសរុប មានប្រមាណ៥០០ពាន់សហគ្រាស ហើយចំណូលសរុបប្រចាំឆ្នាំមានប្រមាណ ១២០ពាន់លានដុល្លារ។ សហគ្រាសក្នុងស្រុកទាំងអស់នេះ បានផ្តល់ការងារជូនប្រពលរដ្ឋប្រមាណ១.៦លាននាក់៕