(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា មានប្រជាប្រិយភាព VJ ALASKOO ត្រូវបានតែងតាំងជា ប្រធាន«សមាគមអតីតពលករមកពីកូរ៉េ» នាឱកាសគម្រប់ខួប១០ឆ្នាំ នៃប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅកម្ពុជា និងពិធីជប់លៀងបំណាច់ឆ្នាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក ហេង សួរ អគ្គនាយកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ចំពោះគោលបំណងនៃការបង្កើត ឲ្យមាន «សមាគមអតីតពលករមកពីកូរ៉េ» នេះឡើង គឺដើម្បីជួយដល់ពលករខ្មែរ ដែលត្រូវបានបញ្ចប់ការងារ នឹងត្រឡប់មកស្រុកខ្មែរវិញ តាមរយៈការបង្កើតមូលនិធិ ជួយពួកគេនូវរាល់ពេលមានបញ្ហា ឬជួបការលំបាកផ្សេងៗ។ ម្យ៉ាងក៏នឹងតម្រូវឲ្យមានការជួបជុំគ្នា ដើម្បីបង្កើតភាពស្និទ្ធស្នាល រវាងអតីតពលករខ្មែរ មកពីកូរ៉េផងដែរ។
លោក ហេង សួរ បានបញ្ជាក់បន្ថែមថា ការប្រកាសតែងតាំង VJ ALASKOO ជាប្រធាន «សមាគមអតីតពលករមកពីកូរ៉េ» នាពេលនេះ ព្រោះតែមើលឃើញពីសមត្ថភាព របស់តារាសម្ដែង VJ ALASKOO ដែលកន្លងមកលោកធ្លាប់ មានបទពិសោធន៍ លើផ្នែកទំនាក់ទំនងល្អ ជាមួយបងប្អូនពលករខ្មែរ ដែលធ្វើនៅប្រទេសកូរ៉េ គឺមានរយៈពេលជិត១០ឆ្នាំ ពិសេសគឺ VJ ALASKOO ក៏ជាតារាប្រុស ដែលធ្លាប់ធ្វើការងារសម្រាប់ ជួយសង្គមច្រើន។
ជាមួយគ្នានេះ VJ ALASKOO បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ខណៈដែលត្រូវបានក្រសួងតែងតាំង ជាប្រធាន «សមាគមអតីតពលករមកពីកូរ៉េ» បែបនេះថា លោកពិតជាមានអារម្មណ៍ សប្បាយចិត្តខ្លាំង ស្ទើរនឹកស្មានមិនដល់។ មិនតែប៉ុណ្ណោះការតែងតាំងនេះ ដោយសារតែក្រសួង មើលឃើញពីបទពិសោធន៍របស់លោក ដែលធ្លាប់ទៅរស់នៅធ្វើជាពលករ ប្រទេសកូរ៉េមានរយៈពេលជិត១០ឆ្នាំ ហើយក៏ធ្លាប់ជួយពលករខ្មែរ នៅប្រទេសកូរ៉េច្រើន ផងដែរ៕