(ភ្នំពេញ)៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសនៅចំពោះមុខកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះថា ប្រាក់ឈ្នួលកម្មករត្រូវតែបង្កើនឡើងជារៀងរាល់ឆ្នាំ មិនខកខាននោះទេ ប៉ុន្តែកម្មករ-កម្មការិនីខ្លួនឯង ក៏ត្រូវតែប្រឹងប្រែងបង្កើនសមត្ថភាព និងផលិតភាពការងារខ្លួនឯងបន្ថែមទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចចង់ឃើញពលរដ្ឋកម្ពុជាម្នាក់ៗ ទទួលបានប្រាក់ចំណូល មិនតិចជាង៣ពាន់ដុល្លារអាមេរិក នៅក្នុងមួយឆ្នាំ ក្រោយពេលសម្តេចចាកចេញពីតំណែង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ខណៈសម្តេចតេជោ អញ្ជើញចុះជួបសំណេះសំណាល ជាមួយតំណាងកម្មករ-កម្មការិនី សរុប១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការបង្កើនប្រាក់ឈ្នួលកម្មករ មិនមែនធ្វើឡើងតែឆ្នាំ២០១៨នោះទេ ឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត នៅតែបន្តលើន គឺកើនជារៀងរាល់ឆ្នាំ។ ប៉ុន្តែដើម្បីឲ្យប្រាក់ចំណូលមានការកើនឡើង គឺទាមទារឲ្យមានការប្រឹងប្រែង ពីសំណាក់កម្មករ-កម្មការិនី ក៏ត្រូវពង្រឹងបន្ថែមនូវសមត្ថភាព នៃការផលិត និងធ្វើឲ្យទិន្នផលកាន់តែកើន ហើយមានស្តង់ដារកាន់តែខ្ពស់ កម្រិតជីវភាពកាន់តែប្រសើរ នៅពេលដែលរោងចក្រទទួលបាននូវកំណើន នោះហើយទើបជាការផ្តល់អត្ថប្រយោជន៍ ជាប្រាក់បៀវត្សរ៍ជូនកម្មករវិញ»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតកើនឡើងដល់១៥៧ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។ ដោយឡែកនៅឆ្នាំក្រោយនេះ ប្រាក់ឈ្នួលរបស់កម្មករនឹងកើនឡើងដល់១៧០ដុល្លារ ដោយចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨តទៅ។
ទន្ទឹមនឹងការដំឡើងនេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ផ្តល់សេវានានាបន្ថែមទៀត ដល់កម្មករនិយោជិតក្នុងនោះមាន របបថែទាំងសុខភាព របបគ្រោះថ្នាក់ការងារ និងប្រាក់សោធនិវត្តន៍ ដែលអនុវត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ៕