(បាត់ដំបង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យការតាំងលក់នៅផ្សារភ្នំសំពៅ ស្រុកបាណន់ និងផ្សារស្តៅ ស្រុករតនៈមណ្ឌល រកឃើញទំនិញចំរុះហួសកាលបរិច្ឆេទ និងខូចគុណភាពលាយសារធាតុគីមី ចំនួន១០៧គីឡូក្រាម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលតាមក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានថ្លែងថា មន្រ្តីជំនាញរបស់លោកតែងតែចុះត្រួតពិនិត្យជាប្រចាំនៅតាមផ្សារនានា គ្រប់ទីកន្លែងក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីទប់ស្កាត់កុំឲ្យអាជីវករលក់ដូរទំនិញខូចគុណភាពទាំងនោះលក់ជូនអ្នកប្រើប្រាស់នាំឲ្យមានការប៉ះពាល់ សុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា។

ទន្ទឹមនឹងការចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនេះផងដែរ។ មន្រ្តីជំនាញរបស់ក៏បានធ្វើការណែនាំអប់រំ នៅនឹងកន្លែងលក់ផ្ទាល់ និងអ្នកទិញឲ្យមានការយល់ដឹងពីការប៉ះពាល់ សុខភាពរបស់ពួកគាត់ផងដែរ។

លោក ហាក់ សុខរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទាំងអ្នកលក់ អ្នកទិញនាំគ្នាចូលរួមទប់ស្កាត់ការលួចនាំចូលទំនិញពាក់ព័ន្ធ ចំណីអាហារខូចគុណភាពគ្រប់ប្រភេទត្រូវរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីមានវិធានការ និងដើម្បីសុខភាពប្រជាពលរដ្ឋ យើងទាំងអស់គ្នា៕