(ភ្នំពេញ)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវបេតុង ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជិត១២ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងផងដែរ។
នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន១៤គ្រឿង។
បើតាមលោកនាយការិយាល័យ ម្ចាស់ឈ្មោះ តុប ចាន់នី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរ លក់គ្រឿងទេស ហើយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ សម្រាប់ការខូចខាតវិញ ឆេះផ្ទះឈឺប្រក់ស័ង្កសីទំហំ 6mx7m អស់ចំនួន១ខ្នង និងឆេះរាលដាលដល់ផ្ទះឈឺប្រក់ក្បឿងទំហំ 6mx7m អស់ចំនួន១ខ្នង (សរុបឆេះ២ខ្នងផ្ទះ)។
លោកបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង១៤គ្រឿងរួមមាន៖ រថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន៤គ្រឿង, រថយន្តតម្រួតបទបញ្ជាក្រសួងមហាផ្ទៃចំនួន៣គ្រឿង, រថយន្តអង្គភាព ង70 ចំនួន៤គ្រឿង, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង និងរថយន្តកងពលតូចទ័ពពិសេសឆត្រយោង៩១១ ចំនួន២គ្រឿង៕