(ភ្នំពេញ)៖ តាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក (World Bank) ស្តីពីការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញ ដែលទើបចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកឡើងថា ការរីកលូតលាស់ដ៏ឆាប់រហ័សនៃទីក្រុងភ្នំពេញ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បានចូលរួមចំណែក ក្នុងការបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ស្តីពីការចេញផ្សាយរបាយការណ៍ថ្មីរបស់ខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ បានលើកឡើងថា ការផ្តោតការយកចិត្តទុកដាក់ លើការលើកម្ពស់ផែនការ ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ ដើម្បីចៀសវាង ការរីករាលដាល នៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះចរាចរណ៍ និងការបំពុលផ្សេងៗ។
របាយការណ៍ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុង ក្នុងរាជធានីភ្នំពេញ បានលើកឡើងភាពប្រឈមជាច្រើន ក្នុងការផ្តល់ជាសេវាកម្មជាមូលដ្ឋាន ដែលរួមមានប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងកាកសំណល់រឹង។ ការគ្រប់គ្រង និងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាកម្ម ក៏ជួបបញ្ហាប្រឈមផងដែរ។
ទោះបីជាមានដំណើរការរៀបចំក្រុង ដែលមានស្រាប់ក៏ដោយ ក៏ការផ្តល់ហិរញ្ញប្បទាន និងសមត្ថភាពបច្ចេកទេសជាញឹកញាប់ បង្កនូវឧបសគ្គជាច្រើន ដល់ផែនការអភិវឌ្ឍទីក្រុង ទីតាំង និងផែនការប្រើប្រាស់ដី ជាពិសេសនៅថ្នាក់ខណ្ឌ និងសង្កាត់។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជា បានថ្លែងថា «រាជធានីភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយ ក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់ អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្មកាន់តែប្រសើរជាងមុន»។
លោកស្រីបានបន្ដថា ការអភិវឌ្ឍទីក្រុងដែលមានការគ្រប់គ្រង និងរៀបចំផែនការបានល្អ អាចជួយធ្វើឲ្យទីក្រុងមានភាពល្បីល្បាយ ក្នុងការធានាឲ្យមានស្តង់ដារ រស់នៅប្រសើរ សម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ។
របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីធ្វើឲ្យការរីកលូតលាស់ នៅក្នុងទីក្រុងកាន់តែមានលក្ខណៈប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់ ទូលំទូលាយលើវិស័យសំខាន់ៗចំនួនបួន។
ទី១៖ គឺត្រូវកែលម្អស្ថាប័ន និងអភិបាលកិច្ច ដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍ ទៅបានប្រកបដោយភាពសុខដុម និងមានប្រសិទ្ធិភាពជាងមុន។
ទី២៖ គឺត្រូវកែលម្អផែនការរៀបចំទីក្រុង និងការអនុវត្តផែនការ តាមរយៈការបង្កើតបទដ្ឋានគតិយុទ្ធ ក្របខ័ណ្ឌច្បាប់ និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។
ទី៣៖ គឺត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅនិងភាពប្រកួតប្រជែង។
ទី៤៖ គឺត្រូវធានាថា ការរៀបចំទីក្រុងត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីចៀសវាងកុំឲ្យមានវិសមភាព។
លោកស្រី ជូឌី បេគ័រ ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក ដែលជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធជាច្រើន បានថ្លែងថា ទីក្រុងទាំងឡាយ ដែលមានផែនការល្អ ធ្វើឲ្យគេអាច គ្រប់គ្រងបានល្អនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្នែកនគរូបនីយកម្ម និងអាចបង្កើតបានជាទីកន្លែង ដែលមានលក្ខណៈរស់រវើក អាចរស់នៅបាន និងមានទីធ្លាប្រសើរ។
លោកស្រី បញ្ជាក់ថា «ផែនការនេះ អាចធ្វើទៅបានយ៉ាងល្អសម្រាប់រាជធានីភ្នំពេញ ក៏ប៉ុន្តែ វានឹងជាដំណើរការមួយដែលមានរយៈពេលវែង ទាមទារឲ្យមានការប្តេជ្ញាចិត្ត ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវិស័យឯកជន»៕