(វៀងចន្ទ-ឡាវ)៖ អគ្គិសនីកម្ពុជា (EDC) បានចុះកិច្ចព្រមព្រៀងជាមួយអគ្គិសនីឡាវ (EDL) ដើម្បីទិញអគ្គិសនីពីប្រទេសឡាវ មកផ្គត់ផ្គង់ និងដោះស្រាយបញ្ហាកង្វះថាមពលអគ្គិសនី ប្រើប្រាស់នៅក្នុង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងឧត្តរមានជ័យ។
ទោះជាយ៉ាងណា ការនាំចូលថាមពលអគ្គិសនីពីប្រទេសឡាវនេះ ត្រូវបានអគ្គិសនីកម្ពុជា ចាត់ទុកថា ជាការនាំចូលថាមពលបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ នៅគ្រាដែលប្រភពថាមពលអគ្គិសនី របស់កម្ពុជាកំពុងសាងសង់។
កិច្ចព្រមព្រៀងក្នុងការភ្ជាប់ចរន្តអគ្គិសនីតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីប្រទេសឡាវ មកកាន់ខេត្តព្រះវិហារ រួចនឹងបន្តបញ្ជូនអគ្គិសនី ទៅជួយខេត្តកំពង់ធំ និងឧត្តរមានជ័យនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយ លោក កែវ រតនៈ អគ្គនាយក EDC និងភាគីអគ្គិសនីឡាវ ដែលធ្វើឡើងនៅទីក្រុងវៀងចន្ទ ប្រទេសឡាវនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
ការដាក់ឲ្យដំណើរការ ការតភ្ជាប់ចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុលពីប្រទេសឡាវនេះ ត្រូវបានស្ថាប័នជំនាញខាងអគ្គិសនីកម្ពុជា អះអាងថានឹងបង្កើតលទ្ធភាពថ្មីសម្រាប់អគ្គិសនីកម្ពុជា ក្នុងការពង្រីកការផ្គត់ផ្គង់អគ្គិសនីបន្ថែម ជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បន្ថយការរអាក់រអួលដែលធ្លាប់មានកន្លងមក និងធ្វើឲ្យថ្លៃអគ្គិសនីបច្ចុប្បន្ន១១០០រៀលក្នុងគីឡូវ៉ាត់ម៉ោង ចុះមកនៅ៧៨០រៀល ក្នុង១គីឡូវ៉ាត់ ក្នុងឆ្នាំ២០១៨។
ជុំវិញកិច្ចព្រមព្រៀងទិញភ្លើងពីឡាវនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនដោយចាត់ទុកថា ជាការខិតខំរបស់អគ្គិសនីកម្ពុជា ដែលបានឈានមួយជំហានថែមទៀត ក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនី ក្នុងខេត្តមួយចំនួន។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា បានលើកឡើងថា «កិច្ចព្រមព្រៀងនៅក្រុងវៀងច័ន្ទនេះ នឹងបើកផ្លូវឲ្យមានការផ្គត់ផ្គង់អគ្គិសនីតង់ស្យុងខ្ពស់១១៥ គីឡូវ៉ុលមកកម្ពុជា ដែលបង្កើតលទ្ធភាពថ្មី សម្រាប់អគ្គិសនីកម្ពុជា ពង្រីកការផ្គត់ផ្គង់ជូន ប្រជាពលរដ្ឋខេត្តព្រះវិហារ កំពង់ធំ មួយផ្នែកនៃខេត្តឧត្តរមានជ័យ និងបម្រុងបន្ថែមជូនខេត្តស្ទឹងត្រែង។ ការនាំចូលជាបណ្តោះអាសន្ននេះ ជាការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ក្នុងខណៈប្រទេសយើងកំពុងរង់ចាំ ការដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី និងខ្សែបណ្តាញក្នុងប្រទេស ដែលកំពុងសាងសង់»។
ស្របពេលនឹងការចុះកិច្ចព្រមព្រៀងនេះ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ថា ខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់១១៥ គីឡូវ៉ុល ចាប់ពីខេត្តព្រះវិហារ ដល់ព្រំដែលឡាវ បានសាងសង់រួចរាល់ជាស្ថាពរហើយ។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលរស់នៅតាមគន្លងខ្សែបណ្តាញបញ្ជូននេះ ត្រូវប្រុងប្រយ័ត្ន ដោយហាមប៉ះពាល់ និងឡើងបង្គោលបណ្តាញអគ្គិសនី ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧តទៅ អគ្គិសនីកម្ពុជា បានធ្វើការសាកល្បងបញ្ជូនចរន្តអគ្គិសនី ឆ្លងកាត់តាមខ្សែបញ្ជូន១១៥គីឡូវ៉ុលនេះ៕