(កំពង់ធំ)៖ ក្នុងពិធីសំណេះសំណាល និងជូនដំណើរពលទាហានថ្មី ២២៦នាក់ ដែលត្រូវបញ្ជូនពីតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទៅហ្វឹកហ្វឺននៅសាលាពលទាហានយោធភូមិភាគពិសេស និងសាលាពលទាហានយោធភូមិភាគទី៥ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់ពលទាហានប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព ក្នុងការការពារជាតិ ហើយត្រូវប្រឆាំងដាច់ខាតរាល់ការ ប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាល។
ការជូនដំណើរនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្នុងនោះលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមផងដែរ។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ពលទាហានស្ម័គ្រចិត្ត បានបំពេញក្របខណ្ឌយោធភូមិភាគទី១ មានចំនួន២២៦នាក់ ក្នុងនោះមានសាច់ញាតិបង្កើតរបស់អតីតយុទ្ធជនចំនួន ៤៥នាក់ សាច់ញាតិបង្កើតរបស់យោធិនក្នុងមុខតំណែងចំនួន ៣៣នាក់ កូនចៅប្រជាពលរដ្ឋចំនួន ១៤៨នាក់ ហើយមកពីបណ្តាក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដើម្បីត្រៀមបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺន ពលទាហានយោធភូមិភាគពិសេសចំនួន ១៩១នាក់ និងសាលាពលទាហានយោធភូមិភាគទី៥ ចំនួន៣៥នាក់ ដែលបានជ្រើសរើសឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដែលមានការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយសម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមបានយ៉ាងហ្មត់ចត់។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្ថែមថា ដំណើរការក្នុងការជ្រើសរើសពលទាហ៊ានថ្មីនេះ គឺបានចែកពាក្សស្នើសុំដល់យុវជនស្ម័គ្រចិត្តបានចំនួន ៨២០នាក់ ទទួលពាក្សយុវជនស្ម័គ្រចិត្តបានចំនួន ៥៩៣នាក់ មិនមកដាក់ពាក្សចំនួន ៣២៧នាក់ យុវជនស្ម័គ្រចិត្តបានមកពិនិត្យសុខភាពបានចំនួន ៥៥៣នាក់ លទ្ធផលជាផ្លូវការបញ្ចូលក្របខណ្ឌពលទាហានឲ្យយោធភូមិភាគទី១ បានចំនួន៣៥១នាក់។
លោក សុខ លូ បានផ្តាំផ្ញើដល់កងទ័ពជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅសាលាពលទាហានទី១ ត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជារបស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្ររាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី ការពារសេចក្តីសុខជូនប្រជាពលរដ្ឋ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូន ហើយត្រូវប្រឆាំងដាច់ខាតនូវការប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានឧបត្ថមថវិកាដល់ពលទាហានចំនួន ២២៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងក្រមាមួយផងដែរ៕