(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០១៧នេះ ប្រទេសជប៉ុន បានផ្តល់ជំនួយសរុប ៣១២លានដុល្លារដល់កម្ពុជា ខណៈដែលជប៉ុន នៅតែជាប្រទេសធំទី១ ក្នុងការផ្តល់ជំនួយនេះ។
លោក ប្រាក់ សុខុន បានលើកឡើងបែបនេះ នៅក្នុងសន្ទរកថាមួយ ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន សម្រាប់គម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
លោក ប្រាក់ សុខុន បានលើកឡើងថា «ខ្ញុំសូមរំលឹកថា ជប៉ុនគឺជាប្រទេសដែលផ្តល់ជំនួយដ៏ធំបំផុតមួយសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា ជួយកែលំអសេវាកម្មសង្គម ដូចជាសុខាភិបាល និងអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស»។
លោកបានបន្តថា «ក្នុងឆ្នាំ២០១៧ យើងបានចុះហត្ថលេខាលើឯកសារសី្តពីជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាសរុប ៣៥,២ ពាន់ លានយ៉េន ស្មើនឹងប្រមាណ ៣១២ លានដុល្លារអាមេរិក ក្នុងនោះរួមមានអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សស្មើនឹងប្រមាណជា ៥,៧៧ លានដុល្លាផងដែរ»។
លោកបានបន្ថែមទៀតថា ជំនួយឥតសំណងបន្ថែម ដែលទើបបានចុះហត្ថលេខានៅថ្ងៃនេះ នឹងរួមចំណែកធំធេងដល់កំណែទំរង់វិស័យអប់រំនៅកម្ពុជា សំដៅកសាងធនធានមនុស្សឲ្យមានសមត្ថភាពខ្ពស់ ដើម្បីសម្រេចជោគជ័យក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា៕