(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា ក៏ដូចជា ដើម្បីពង្រឹងសមត្ថភាព និងគុណភាព នៃក្រុមគ្រូពេទ្យរបស់ខ្លួន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តែងបានសហការ ពង្រឹង និងពង្រីកទំនាក់ទំនងវិស័យវេជ្ជសាស្ត្រជាមួយ បណ្តាប្រទេសជាមិត្ត ដូចជា៖ កូរ៉េ ចិន ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង។ល។
ជាក់ស្តែង នៅចុងសប្តាហ៍នេះ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស..ស.យ.ក បានដឹកនាំប្រតិភូ នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទៅបំពេញធ្វើទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាក្រុមគ្រូពេទ្យជំនាញៗ ល្បីៗ និងមានបទពិសោធន៍ច្រើនឆ្នាំ នៅមន្ទីរពេទ្យ International St Marry Hospital មានទីតាំងនៅទីក្រុងអ៊ីនឈុន សាធារណរដ្ឋកូរ៉េ ដែលជាមន្ទីរពេទ្យធំជាងគេ និងទំនើបជាងគេមួយនៅទ្វីបអាស៊ី។
នៅក្នុងទស្សនកិច្ចនោះផងដែរ លោក ហេង សុខគង់ បានលើកឡើងពីប្រវត្តិ ផែនការសកម្មភាព និងគោលបំណង នៃការបង្កើតសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ក៏ដូចជា កិច្ចសហការ កន្លងមកជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េតែម្តង។ ព្រមជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យក្រុមគ្រូពេទ្យកូរ៉េ បន្តផ្តល់នូវកិច្ចសហការ ការបណ្តះបណ្តាល និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្របន្ថែមទៀត ដល់ក្រុមគ្រូពេទ្យកម្ពុជា។
ជាការឆ្លើយតប លោកបណ្ឌិត Yeong-In Kim, សាកលវិទ្យាធិការ និងជាប្រធានមន្ទីរពេទ្យ International St Marry Hospital បានវាយតម្កៃខ្ពស់ចំពោះសកម្មភាពការងារកន្លងមក របស់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងបានកោតសរសើរចំពោះការអភិវឌ្ឍនិងរីកចំរើនយ៉ាងលឿន នៃប្រទេសកម្ពុជា ក្នុងនោះវិស័យសុខាភិបាលក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់។
លោកក៏បានឯកភាពក្នុងការពង្រឹង និងពង្រីកចំណងមេត្រីភាព និងកិច្ជសហប្រតិបត្តិការបន្ថែមទៀតជាមួយ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដោយផ្តោតលើទិសដៅសំខាន់ៗចំនួន៣៖
១៖ ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមដល់ក្រុមគ្រូពេទ្យឯកទេសនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក
២៖ រៀបចំជាសិក្ខាសាលាទ្វេភាគី ឬថ្នាក់តំបន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ វិស័យវេជ្ជសាស្ត្រទៅវិញទៅមក
៣៖ ផ្ទេរនូវបច្ចេកវិទ្យាថ្មីៗ លើវិស័យវេជ្ជសាស្ត្រដល់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។
សូមជម្រាបជូនថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្នុងគោលដៅចុះពិនិត្យ ព្យាបាលជំងឺ វះកាត់ និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រីក្រ កម្មករ-កម្មការិនី កុមារកំព្រា ព្រះសង្ឃ ដែលរស់នៅឆ្ងាយពីសេវាសុខាភិបាល ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺសរុបបានចំនួន៥២លើក ដោយមានព្រះសង្ឃ ប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម កម្មករ-កម្មការិនី និងកុមារកំព្រា និមន្ត និងមកពិនិត្យ និងព្យាបាលសរុបបានចំនួន១១២ ៣៥៤ អង្គ/នាក់រួចមកហើយ៕