(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា ​អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរកងទ័ពជាពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឲ្យទៅហ្វឹកហ្វឺន នៃក្របខណ្ឌនៅយោធភូមិភាគទី១។​

​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភក្ត្រ័ា បានលើកឡើងថា តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ បានជូនដំណើកងទ័ព ជាពលទាហានបំពេញក្របខណ្ឌឲ្យ យោធភូមិភាទី១ នៃកងទ័ពជើងគោក ដើម្បីបញ្ជូនឲ្យថ្នាក់លើតាមការកំណត់នៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងនូវឃឿនការពារជាតិ ការពារធិបតេយ្យភាព ភាពសុខសាន្ត និងសណ្តាប់សង្គម ព្រមទំាងអនុវត្តតាមផែនការ សំណូមពរ ភារកិច្ចចាំបាច់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។

លោកបន្តថា ពលទាហានទាំងអស់ ដែលបានជ្រើសរើស បានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដែលមានការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយស​ម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមបានយ៉ាងម៉ត់ចត់។ ជាលទ្ធផល សម្រេចទទួលយក និងបញ្ចូលក្នុងក្របខណ្ឌពលទាហាន បានចំនួន៣៥១នាក់។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា «ដំណើរការក្នុងការជ្រើសរើសពលទាហានថ្មីនេះ យើងបានចែកពាក្សស្នើសុំដល់យុវជនស្មគ្រ័ចិត្តបានចំនួន៨២០ពាក្យ យុវជនស្ម័គ្រចិត្តបានចំនួន៥៩៣នាក់ មិនមកដាក់ពាក្យចំនួន៣២៧នាក់ យុវជនស្ម័គ្រចិត្តបានមកពិនិត្យសុខភាពបានចំនួន៥៥៣នាក់ លទ្ធផលជាផ្លូវការ បញ្ចូលក្របខណ្ឌពលទាហានឲ្យយោធភូមិភាគទី១បានចំនួន៣៥១នាក់»

លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅសាលាពលទាហានទី១ ត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជា របស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រ នូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណះភាពទឹកដី ការពារសេចក្តីសុខជូនប្រជាពលរដ្ឋ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូន ហើយត្រូវប្រឆាំងដាច់ខាតនូវការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៍នៅកម្ពុជា៕