(ភ្នំពេញ)៖ មន្ត្រីជំនាញសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ បានចែករំលែកចំណេះដឹង ជាមូលដ្ឋានអំពីសុវត្ថិភាព ម្ហូបអាហារ និងវិធានការ ពាក់ព័ន្ធរួមនឹងការចុះត្រួតពិនិត្យផលិតផល និងម្ហូបអាហារ ដល់សិស្ស និងលោកគ្រូ អ្នកគ្រូ បឋមសិក្សាវាលស្បូវជាង២០០នាក់ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានថ្លែងថា នេះជាសកម្មភាពប្រចាំខែ និងប្រចាំឆ្នាំ សម្រាប់មន្រ្តីជំនាញកាំកុងត្រូល ចុះមកណែនាំតាមសាលា ក៏ដូចជាតាមទីផ្សារ ដើម្បីឲ្យបងបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាប្អូនៗសិស្សសាលា យល់ដឹងទាំងខាងផ្នែកច្បាប់ ទាំងចំណេះដឹងមូលដ្ឋាន ជុំវិញការនាំចូល ការដឹកជញ្ជូន ការរក្សាទុក ការចែកចាយ រួមទាំងរបៀប នៃការចំអិនផងដែរ ដល់អ្នកធ្វើអាជីវកម្មពាក់ព័ន្ធម្ហូបអាហារ ទាំងអស់នៅទូទាំងប្រទេស។
លោកបានបន្តថា សូមឲ្យប្អូនៗកូនៗទាំងអស់ យកចិត្តទុកដាក់ទៅលើសុវត្ថិភាពម្ហូបអាហារ ពិសេសមុននឹងបរិភោគអ្វីមួយ ត្រូវពិនិត្យពីកាលបរិច្ឆេទ ឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ។
លោក ប៊ុន ចំរើន បានថ្លែងផ្តាំផ្ញើ ដល់ប្អូនៗ សិស្សានុសិស្ស ទាំងត្រូវចៀសឲ្យឆ្ងាយ ចំពោះគ្រឿងញៀន និង ជៀសវាងការសេពគ្រឿងស្រវឹង និងជក់បារី សូមកុំសាកឲ្យសោះ ព្រោះកត្តា ទាំងនេះធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខមាលភាពគ្រួសារ និងសង្គមតាម រយៈការដុតបំផ្លាញសុខភាពទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ។
លោក ប៊ុន ចំរើន ក៏បានថ្លែងអំណរគុណ ដល់លោកនាយកសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរនៅក្នុងសាលា ដែលបានចូលរួមស្តាប់ផងដែរ៕