(ភ្នំពេញ)៖ ជាយុទ្ធសាស្រ្តថ្មីនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានប្រកាសឈប់ឱ្យមាន ការឆ្លើយឆ្លងជាមួយ ក្រុមអតីតគណបក្សសង្រ្គោះជាតិ ដែលសម្តេចតេជោ បានចាត់ទុកក្រុមនេះថាជាក្រុមប្រឆាំងក្រៅច្បាប់ ហើយអះអាងយ៉ាងច្បាស់ថា កុំសង្ឃឹមបក្សដែលរំលាយហើយរស់ឡើងវិញឲ្យសោះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ នាគ្រាដែលសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនី សរុប១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់មន្ត្រីរាជរដ្ឋាភិបាលរួចហើយដែរ ដើម្បីកុំឱ្យនិយាយជាមួយក្រុមបក្ស ប្រឆាំងក្រៅច្បាប់នោះនេះ ហើយសម្តេចបញ្ជាក់ជូន អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ កុំសង្ឃឹមថាគណបក្សដែលរំលាយហើយ រស់ឡើងវិញឲ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ពូគ្រាន់តែផ្តាំថា អ្នកដែលមិនត្រូវបានបិទសិទ្ធិនយោបាយ គួរបង្កើតគណបក្សថ្មី ដើម្បីចូលរួមប្រកួតប្រជែង បែរជាគេឌឺឱ្យពូ។ ខ្ញុំផ្តាំទៅវិញថា បើអ្នកឯងមិនចូល ក៏គេនៅតែបោះឆ្នោតដែរ បើអ្នកឯងមិនចូលគេនៅតែមិនងាប់ដែរ កុំសង្ឃឹមថា បក្សដែលគេរំលាយហើយរស់ឡើងវិញ អ្នកឯងចាំមើលចុះ កាប់ថ្មចំណាំពីថ្ងៃនេះទៅ ខ្ញុំក៏មិនចាំបាច់និយាយតទៅទៀតដែរ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «អ្នកចង់ចូលរួមក៏ជាសិទ្ធិរបស់អ្នក អ្នកចង់មិនចូលរួមក៏ជាសិទ្ធិរបស់អ្នក អ្នកចង់ទៅបោះឆ្នោតក៏ជាសិទ្ធិរបស់អ្នក អ្នកមិនទៅបោះឆ្នោតក៏ជាសិទ្ធិរបស់អ្នក។ ប្រទេសនេះមិនមែនជាចំណាប់ខ្មាំងរបស់អ្នកទេ ប្រទេសនេះជាប្រទេសរបស់ប្រជាជន ដល់ពេលបោះឆ្នោតប្រជាជនទៅបោះឆ្នោត បក្សនយោបាយនានាក៏ចូលរួមបោះឆ្នោត មិនមែនរង់ចាំអ្នកទេ អ្នកត្រូវចាំ ហើយខ្ញុំក៏មិនចាំបាច់លូកមាត់ជាមួយអ្នកនោះដែរ ខ្ញុំយល់ថា មន្រ្តីរបស់រាជរដ្ឋាភិបាល មិនគួរនឹងនិយាយតទៅទៀត ជាមួយនឹងពួកក្រៅច្បាប់នោះដែរ»។
សម្តេចតេជោ បានបញ្ជាក់ទៀតថា «រឿងរបស់ខ្ញុំ គឺគ្រប់គ្រងយ៉ាងម៉េចឱ្យប្រទេសកម្ពុជាមានសន្តិភាព និងបន្តលើផ្លូវអភិវឌ្ឍ ប្រទេសកម្ពុជាមួយដែលនឹងបន្តដំណើរលើលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការចាត់តាំងរៀបចំការបោះឆ្នោត ឱ្យបានទៀតទាត់ ដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដែលអាចទទួលយកបាន នេះគឺជាកិច្ចការដែលខ្ញុំត្រូវធ្វើ ឯរឿងពួកក្បត់ជាតិជារឿងតុលាការបានកាត់ក្តីរួចទៅហើយ»៕