(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ គ.ស២០១៧ រដ្ឋសភាកម្ពុជា បានសម្រេចលើបេក្ខជនជាប់ឆ្នោតថ្មី គឺលោក យិន ប៊ុនណាង ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជំនួសលោក អ៊ឹម សិទ្ធី ដែលបានទទួលមរណភាព។ នេះបើតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្ដីប្រកាសដដែលបានបន្តថា អង្គប្រជុំបានសម្រេចលើបេក្ខជនជាប់ឆ្នោតថ្មី គឺលោក យិន ប៊ុនណាង ជាតំណាងរាស្ត្រថ្មីមណ្ឌលកំពង់ចាម ជំនួសលោក អ៊ឹម សិទ្ធី ដែលទទួលមរណភាព។ ការប្រកាសសុពលភាពអាណត្តិតំណាងរាស្ត្ររបស់លោក យិន ប៊ុនណាង នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៤ នាពេលខាងមុខ។
លើសពីនេះ អង្គប្រជុំបានសម្រេចលើការជ្រើសតាំងលោក លី ឆេង ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ បោះឆ្នោតទុកចិត្ត។
មិនតែប៉ុណ្ណោះ អង្គប្រជុំបានសម្រេចកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ដោយមានរបៀបវារៈដូចខាងក្រោម៖
* ការប្រកាសសពុលភាព នៃអាណត្តិរបស់សមាជិកថ្មី នៃរដ្ឋសភា នីតិកាលទី៥ ចំនួន១រូប។
* ការបោះឆ្នោតជ្រើសតាំងលោក លី ឆេង ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា៕