(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន ហៅកាត់និបទីក បានសហការជាមួយក្រុមហ៊ុនស្មាតអាហ៊្សាតា រៀបចំវេទិកាធុរកិច្ចបច្ចេកវិទ្យា និងសហគ្រាសខ្នាតតូច និងមធ្យម លើកទី១ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូកេត្រា ក្រោមអធិបតីភាពលោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីតំណាងក្រសួងស្ដស្ថាប័នពាក់ព័ន្ធ។
លោកសេង សុភាព ប្រធានវិទ្យាស្ថានជាតិនិបទីក បានថ្លែងថា គោលបំណងនៃធុរកិច្ចនេះ គឺដើម្បីផ្តល់នូវវេទិកាដល់ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបចាប់ផ្តើមអាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម ក្នុងការចែករំលែកបទពិសោធន៍ សហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកដើម្បីបង្កើនចំនួន នៃអាជីវកម្មខ្នាតតូច មធ្យម ក៏ដូចជាក្រុមហ៊ុនបច្ចេកបវិទ្យា ដែលទើបចាប់ផ្តើមអាជីវកម្ម ដែលមានសក្តានុពលឲ្យកាន់តែច្រើនឡើង និងផ្តល់ដល់ក្រុមហ៊ុនទាំងនោះ នូវការពង្រីកអាជីវកម្មទៅកម្រិតតំបន់ និងពិភពលោក។
លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ថ្មីៗនេះសហគ្រាសខ្នាតតូច និងមធ្យម និងក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យាត្រូវបានទទួលការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីលទ្ធភាពក្នុងការគាំទ្រ Startup Eco-system និងលើកទឹកចិត្តដល់ផលិតផលឌីជីថល និងសេវាកម្ម ដែលបង្កើតឡើងក្នុងស្រុក រួមទាំងទីផ្សារតាមអ៊ីនធើណេត ដែលវាមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនធ្វើការជាមួយអតិថិជនក្នុង និងក្រៅប្រទេស។ សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាន បានបង្កើតនូវឱកាសពិសេសសម្រាប់អាជីវកម្មដែលទើបបង្កើតថ្មី ផ្តល់ដល់អតិថិជននូវផលិត និងសេវាកម្មថ្មីៗ ដែលមិនទាន់មាននៅលើទីផ្សារ។
លោកបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តក្នុងការតភ្ជាប់ប្រទេសរបស់យើង ដើម្បីធានាថា អត្ថប្រយោជន៍ពី ICT និងបោះជំហានទៅដល់ទីជនបទដាច់ស្រយាល ក៏ដូចជាសហគមន៍ដែលងាយរងគ្រោះ។ ហើយជាង៤០ភាគរយ នៃប្រជាជនកម្ពុជា គឺមិនទាន់មានអ៊ីនធឺណេតប្រើប្រាស់នៅឡើយទេ មកទល់ចុងឆ្នាំ២០១៧ នេះ។ ដើម្បីដោះស្រាយប្រឈមនេះ ក្នុងទស្សនវិស័យវែងឆ្ងាយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឆ្នាំ២០២០ ថា ត្រូវសម្រេចឲ្យបាននៅការគ្រប់ដណ្តប់អ៊ីធឺណេត ឲ្យបាន១០០% នៅក្នុងតំបន់ទីប្រជុំជន និង៧០% នៅទីជនបទ និងអត្រាប្រើប្រាស់អ៊ីនធឺណេត ៨០% ក៏ដូចជាវិស័យផ្សេងៗទៀត ដូចដែលមានចែងនៅក្នុងការអនុវត្ត ICT។
លោកបានបញ្ជាក់ថា ការដឹកនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ឌីជីថល នៅក្នុងរយៈពេល៥ឆ្នាំទៅមុខ គឺក្រសួងមានគោលបំណងក្នុងការបង្កើន និងការដាក់ចេញនៅបច្ចេកវិទ្យាទាន់សម័យ តាមរយៈការបង្កើតប្រព័ន្ធសង្គមមួយ ដែលមានការយល់ដឹងបច្ចេកវិទ្យាជាសកល បង្កើតនៅវេទិកាអនឡាញ ដែលប្រជាពលរដ្ឋអាចប្រើប្រាស់ក៏ដូចជាការពង្រីកនៅការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្កើតលទ្ធភាពផ្សេង ដើម្បីផ្តល់សេវា និងស្វែងរកឱកាសនៅក្នុងការរីកចំរើន៕