(ត្បូងឃ្មុំ)៖ ទីបំផុតបន្ទាប់ពីឃាត់ខ្លួន បានក្រុមជនខិលខូចចំនួន៣នាក់ ដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំ ទៅ​បោកប្រាស់ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង ឡើងកាំប្រាក់ និងរត់ការផ្សេងៗក្នុងជួរមន្ដ្រីរាជការនោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានបន្តក្របួចបានមេខ្លោងម្នាក់ទៀតហើយ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា មេខ្លោងដែលតែងតែប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ដើម្បីបោកប្រាស់រឿងរត់ការតម្លើងស័ក្ដិ ផ្ទេរតំណែងនេះ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅខេត្តត្បូងឃ្មុំ។ ជនសង្ស័យនេះមានឈ្មោះ សួន មុនី ។

សូមជម្រាបថា ជនសង្ស័យចំនួនទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងនគរបាលខេត្ត​ត្បូងឃ្មុំ សហការនគរបាលស៊ើបការខាងក្រៅ និងបច្ចេកទេស និងប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូនៅចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ ក្រោមបទល្មើសប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំរត់ការតម្លើងស័ក្ដិ និងផ្ទេរតំណែង។

លោកឧត្តមសេនីយ៍ស្នងការ ធ្លាប់បានបញ្ជាក់ថា ជនសង្ស័យខាងលើបាន​យកឈ្មោះថ្នាក់ដឹកនាំ ​នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ក្រសួងមុខងារសាធារណៈ, ក្រសួងមហាផ្ទៃ សម្រាប់រត់ការតម្លើងសក្តិយស ផ្ទេរតំណែង រកបច្ច័យចូលបុណ្យ ឡើងកាំប្រាក់ និងរត់ការផ្សេងទៀត។ ជនសង្ស័យទាំង៤រួមមាន ទី១៖ ឈ្មោះ ខន សុម៉ាលី ហៅស្រីទូច, ទី២៖ ត្រូវជាប្ដី​ឈ្មោះ ថា សុផាត និងទី៣៖ឈ្មោះ ខន សុរិយា ហៅស្រីពៅ ជាប្អូនរបស់ស្រីទូច (ជាអ្នកបំផ្លាញវត្ថុតាង) និងឈ្មោះ សួន មុនី ជាមេខ្លោង។

ពួកគេបានប្រើទូរស័ព្ទ សម្រាប់ធ្វើសកម្មភាពឆបោកមនុស្សជាច្រើន និងបានប្រើទូរស័ព្ទលេខ 092249333, 092615522, 0965520906, 0974465888, 0972803666, 0978252666 និង​0317644448៕