ក្រៅពីកាតព្វកិច្ចការពារជាតិ និងទឹកដី កងទ័ពខ្មែរនៅតាមទល់ដែនកម្ពុជា-ថៃ ឆ្លៀតចិញ្ចឹមគោបន្ថែម ធ្វើឲ្យជីវភាពកាន់តែប្រសើរ (Video inside)
19-12-2017 17:23
(ព្រះវិហារ)៖ ក្រៅពីកាតព្វកិច្ចការពារជាតិ និងទឹកដី កងទ័ពខ្មែរនៅតាមទល់ដែនកម្ពុជា-ថៃ ឆ្លៀតចិញ្ចឹមគោបន្ថែមធ្វើឲ្យជីវភាពកាន់តែប្រសើរ បើទោះបីទទួលបានប្រាក់ខែយ៉ាងទៀតទាត់ ពីរាជរដ្ឋាភិបាលក៏ពិតមែននោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាព Fresh News នៅតំបន់ប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ តំណាងកងទ័ពម្នាក់ បានលើកឡើងថា បន្ទាប់ពីការដាំដុះហើយនោះ កងទ័ពនៅតំបន់ប្រាសាទព្រះវិហារ បានឆ្លៀតចិញ្ចឹមគោបន្ថែមផងដែរ ដែលជាការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ឈរនៅពីមុខក្រោលគោ នាយទាហានរូបនេះ បានឲ្យដឹងថា បច្ចុប្បន្នគោនៅក្នុងក្រោលនេះ មានរហូតដល់១៧១ក្បាលឯណោះ ដោយជាអំណោយពូជគោ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន១០ក្បាល នៅឆ្នាំ២០០៦ ហើយបន្ដមកនៅឆ្នាំ២០១១ សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភពូជគោ២០ក្បាលបន្ថែមទៀត។
តាមរយៈការចិញ្ចឹមគោនេះ ធ្វើឲ្យជីវភាពកងទ័ពនៅតំបន់នោះ បានកាន់តែប្រសើរផងដែរ ដោយសារតែនៅពេលគោកើតកូនមក មេបញ្ជាការតែងតែចែកពូជកូនគោនោះ ទៅនាយទាហានផ្សេងដើម្បីធ្វើការចិញ្ចឹម។ នេះជាការបញ្ជាក់បន្ថែម របស់នាយទាហានខាងលើ។
នាយទាហានរូបនេះ ក៏បានគូសបញ្ជាក់ថា ការចិញ្ចឹមគោ និងធ្វើការដាំដុះផ្សេង មិនបានប៉ះដល់កាតព្វកិច្ចក្នុងការការពារបូរណភាពទឹកដីនោះទេ ហើយកងទ័ពកាន់តែមានភាពរីករាយបន្ថែមទៀត ក្នុងធ្វើការងារមួយនេះ៕
សូមស្ដាប់កិច្ចសម្ភាសន៍រវាងនាយទាហាន ជាមួយអង្គភាព Fresh News នៅខាងក្រោមនេះ៖