(សៀមរាប)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅខេត្តសៀម នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីតំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការក្នុងខេត្តសៀមរាប ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជុំវិញខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនៃពិធីបើកការដ្ឋាននេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាត ទឹកវិលទី២ និងការដាក់បំពង់មេទំហំ ៧០០ម.ម ក្រោមគម្រោងហិរញ្ញប្បទានឥណទាន របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) នាពេលនេះ គឺស្របពេលដែលប្រជាពលរដ្ឋយើង នៅទូទាំងប្រទេស កំពុងត្រៀមចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៣៩ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា និងជាថ្ងៃប្រវត្តិសាស្ត្រ នៃការរស់រាន ចាប់បដិសន្ធិឡើងសាជាថ្មីនូវអ្វីៗទាំងអស់ ដែលធ្លាប់បាត់បង់ទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ)។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា រោងចក្រប្រព្រត្តឹកម្មទឹកស្អាត ទឹកវិលទី២នេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសយើងទាំងពីរ (កម្ពុជា បារាំង) ហើយក៏ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្រុងសៀមរាប និងបម្រើដល់វិស័យទេសចរណ៍ ដែលប៉ុន្មានឆ្នាំ ចុងក្រោយនេះមានកំណើនគួរឲ្យកត់សម្គាល់។ ការកើនឡើងនូវតម្រូវការទឹកស្អាតនេះ គឺបានផ្សារភ្ជាប់ទៅនឹងល្បឿន នៃការរីកចម្រើនយ៉ាងលឿនរបស់ក្រុងសៀមរាប ជាពិសេសកំណើន និងការរីកចម្រើនលើផ្នែកហេដ្ឋារចនាម្ព័ន្ធ រូបវន្តសំណង់ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងលំនៅដ្ឋាន ក៏ដូចជាកំណើនប្រជាពលរដ្ឋ។ កត្តានេះកើតឡើងបាន ដោយសារកំណើនសេដ្ឋកិច្ចកម្ពុជា។ តាមការវាយតម្លៃរបស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តរីកចម្រើនរឹងមាំ ក្នុងឆ្នាំខាងមុខ ក្នុងខណៈដែលកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៧ រំពឹងថានឹងសម្រេចបានតាមការព្យាករណ៍ គឺប្រមាណជា ៦,៩% ទៅ ៧% ជាបន្តទៀតដែលជាកំណើនថេរល្អ បន្តពីឆ្នាំ២០១៦ ហើយអាចនឹងបន្តរក្សាកំណើនថេរ ដល់ឆ្នាំ២០១៨។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា តម្រូវការទឹក គឺជាតម្រូវការមូលដ្ឋានប្រចាំថ្ងៃ ក្នុងជីវភាពរបស់យើងទាំងអស់គ្នា និងជាសិទ្ធទទួលបានក្នុងការរស់នៅ ព្រមទាំងសម្រាប់កិច្ចអភិវឌ្ឍ សេដ្ឋកិច្ចជាតិផង។ ហេតុនេះ ការងារផ្គត់ផ្គង់ទឹកស្អាត គឺជាកិច្ចការចម្បងមួយ សំដៅបំពេញតម្រូវការនេះ ស្របទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ។ ការផ្តល់សេវាទឹកស្អាត ប្រកបដោយសុវត្ថិភាព គុណភាព និងមានតំលៃសមរម្យ ដែលប្រជាពលរដ្ឋទាំងអស់ អាចទទួលយកបាន ជាកត្តាមិនអាចមើលរំលង បានឡើយ។
មកទល់ពេលនេះ វិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាវិស័យគន្លឹះមួយ យ៉ាងសំខាន់ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាវិស័យអាទិភាពខ្ពស់ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង កសាង និងអភិវឌ្ឍឥតឈប់ឈរ ដើម្បីលើកស្ទួយកម្រិតជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ ព្រមទាំងការធ្វើឲ្យប្រសើរឡើង នូវគុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាឲ្យបាននូវចីរភាព សុខដុមភាពនៃការរីកលូតលាស់របស់សង្គម សេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេច បាននូវទស្សនវិស័យនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានផ្តួចផ្តើមរៀបចំ «គោលនយោបាយទឹកស្អាតរបស់សម្តេចតេជោ» ដែលកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋរស់នៅតាមទីក្រុង ទីប្រជុំជននៅទូទាំងប្រទេសនឹងទទួលបាននូវការផ្គត់ផ្គង់ ទឹកស្អាត១០០% ក្នុងនោះ ចំនួន ៩០% ទទួលបានសេវាកម្មទឹកស្អាត តាមបំពង់សម្រាប់ប្រើប្រាស់ និង ១០% ទទួលបានទឹកស្អាតពីប្រភពផ្សេងៗ ដោយឈរលើបុរេលក្ខខណ្ឌ ៤យ៉ាងគឺ (១)ទឹកមានគុណភាព (មិនល្អក់កករ មិនធំក្លិនស្អុយ) (២) ទឹកមានសុវត្ថិភាព (មិនមានជាតិពុល ឬមេរោគ) (៣)ទឹកមាននិរន្តរភាព (មានគ្រប់រដូវ មានគ្រប់ម៉ោង) (៤) ទឹកមានតម្លៃថោកសមរម្យ (ដោយផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ សង្កាត់ចូលរួមពិភាក្សាក្នុងការកំណត់តម្លៃលក់ទឹកស្អាតក្នុងមូលដ្ឋានរបស់ខ្លួន និងផ្តល់អាទិភាពបញ្ចុះថ្លៃប្រើប្រាស់ទឹក ក្នុងកម្រិតអប្បបរមាសម្រាប់ប្រជាពលរដ្ឋទីទ័លក្រ)។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពិតមែនតែនេះជាគោលដៅដ៏ ធំធេង និងមានមហិច្ឆតាខ្ពស់ ប៉ុន្តែលោកមានសុទិដ្ឋិនិយម យ៉ាងមុតមាំថា នឹងអាចសម្រេចបាន។ គិតជាមធ្យមមកដល់ពេលនេះ នៅទីប្រជុំជនប្រមាណជា ៨៥% បានទទួលសេវាផ្គត់ផ្គង់ទឹកស្អាត ជាមួយនឹងបរិមាណទឹកផ្គត់ផ្គង់ ចំនួនប្រមាណជាជាង ៤១៤លានម៣។ ចំពោះតំបន់ណា ដែលរដ្ឋមិនទាន់មានលទ្ធភាពធ្វើបាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្កលក្ខណៈឲ្យក្រុមហ៊ុនទឹកស្អាតឯកជនវិនិយោគ ផលិត និងធ្វើការផ្គត់ផ្គង់ទឹកស្អាត នៅតំបន់ទាំងនោះ ដោយបានផ្ដល់អាជ្ញាប័ណ្ណមានសុពលភាព រហូតដល់រយៈពេល ២០ឆ្នាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាកង្វល់ និងតម្រូវការទឹកស្អាត របស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្រាប់ក្រុងសៀមរាប យើងត្រូវមានការគិតគូរទុកជាមុន ក្នុងរយៈពេលវែង ពី២០ ទៅ៣០ឆ្នាំខាងមុខទៀត ដើម្បីត្រៀមដោះស្រាយបញ្ហាផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការ រីកចម្រើនខ្លាំងថែមទៀត នៅប៉ុន្មានឆ្នាំខាងមុខ។ ដូចនេះ ជាយុទ្ធសាស្ត្រគឺយើងមិនផ្ដោតតែ លើការកសាងរោងចក្រប្រព្រឹត្តកម្មថ្មី និងពង្រីកបណ្ដាញចែកចាយនោះទេ ប៉ុន្តែនៅទីនេះ បញ្ហាដោះស្រាយប្រភពទឹក គឺសំខាន់បំផុត។ លោកបន្តថា ដោយមានការបារម្ភអំពី បញ្ហានេះ ទើបឯកឧត្តមគាំទ្រឲ្យមានការសិក្សាបង្កើត ប្រភពទឹកនៅតំបន់បារាយណ៍ចាស់ៗផ្សេងទៀត និងងាកទៅរកការយកប្រភពទឹក ពីបឹងទន្លេសាបដែលមាននិរន្តរភាព ល្អយូរអង្វែង ហើយដាក់បញ្ហានេះជាចំណុច អាទិភាពសម្រាប់ក្រុងសៀមរាប។
លោកបានបន្ថែមថា ឯកឧត្តមយល់ថា មិនមែនតែចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងរដ្ឋាករទឹកស្វយ័តសៀមរាបនោះទេ ក៏ប៉ុន្តែទាំងអាជ្ញាធរអប្សរា និងរដ្ឋបាលខេត្ត ត្រូវរួមគ្នាគិតគូរ ខិតខំដោះស្រាយជម្នះឧបសគ្គ ឬដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធ្វើការវិនិយោគលើវិស័យនេះ ទើបក្រុងរបស់យើងធានាបាននិរន្តរភាព នៃការប្រើប្រាស់ទឹកស្អាត សមដូចពាក្យស្លោកថា «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» (Water For All)។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីនិយោជិត របស់រដ្ឋាករទឹកស្វយ័តសៀមរាប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍ និងបន្តផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ជាពិសេស បានចូលរួមចំណែកអនុវត្តគោល នយោបាយថ្លៃ ទឹកស្អាតថ្មី ដែលក្រសួងបានដាក់ចេញ កាលពីខែឧសភា កន្លងទៅ ឆ្លើយតបតាមបំណងប្រាថ្នា របស់អ្នកប្រើប្រាស់ ដែលថ្លៃទឹកស្អាតនេះ បានជួយសម្រួលមួយកម្រិតថែមទៀត ដល់ប្រជាពលរដ្ឋ ដែលមានចំណូលទាបខ្សត់ខ្សោយ។
បន្ទាប់មក លោកក៏បានថ្លែងអំណរគុណដល់គ្រប់បណ្ដា ដែគូអភិវឌ្ឍទាំងអស់ ចំពោះការចូលរួមចំណែកដោយស្មោះស្ម័គ្រ ប្រកបដោយស្មារតីភាតរៈ ពិតប្រាកដ ក្នុងការអភិវឌ្ឍកម្ពុជា ប្រកបដោយភាពទទួលខុសត្រូវ។ ជាមួយគ្នានេះ លោកមក៏បានកោតសរសើរ និងថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាល នៃគណៈអភិបាលខេត្ត ដែលជានិច្ចជាកាលបានគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ គម្រោងអភិវឌ្ឍនានារបស់រដ្ឋាករទឹកស្វយ័តសៀមរាប រហូតទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ តួយ៉ាងការរៀបចំបញ្ចុះឋមសិលា បើកការដ្ឋានសាងសង់រោងចក្រផលិត ទឹកស្អាតថ្មី នៅថ្ងៃនេះ ជាសក្ខីភាពស្រាប់។
គួរបញ្ជាក់ផងដែរថា ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតទឹកវិលទី២ និងការដាក់បំពង់មេទំហំ ៧០០ម.ម ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺក្រោមហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (ADF)៕