(ភ្នំពេញ)៖ រាជធានីភ្នំពេញ នឹងមានខ្សែរត់រថភ្លើងអាកាស AGT ប្រវែងជិត២០គីឡូម៉ែត្រ ដោយរត់លើមហាវិថី៦ខ្សែ នៅកណ្តាល នៅជាយរាជធានីនាពេលឆាប់ៗ ខាងមុខនេះ ដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត។
ការបង្ហាញពីគម្រោងដ៏ថ្មី និងមិនធ្លាប់មាននេះ បានបង្ហាញឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលរាជធានីភ្នំពេញ ក្នុងប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយក្រុមការងារអង្គការJICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ជុំវិញការររៀបចំរថភ្លើងលើអាកាសAGT។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងខ្សែរត់រថភ្លើងអាកាសនេះ មានប្រវែង១៨គីឡូម៉ែត្រ ដោយរត់តាមបណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ ផ្លូវវេងស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ការរៀបចំឲ្យមានខ្សែរត់រថភ្លើងលើអាកាស AGT លើអាកាសនេះ ធ្វើឡើងដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត សេវាដឹកជញ្ជូនលើអាកាសខ្នាតមធ្យម ជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរ សម្រាប់រាជធានីភ្នំពេញ៕