(បាត់ដំបង)៖ បុរស៤នាក់ នាំគ្នាច្នៃគ្រាប់បែកបោកត្រី ស្រាប់តែផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ស្ថិតនៅចំណុចភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។ ជនរងគ្រោះត្រូវសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅឲមន្ទីរពេទ្យខេត្ត។
សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាកងារសារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដបង ឲ្យដឹងថា ករណីផ្ទុះគ្រាប់បែកច្នៃបោកត្រីខាងលើនេះ មានគ្នា៤នាក់ នាំគ្នាយកទៅបោកត្រី តែមិនទាន់បានបោកផង ក៏ត្រូវផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ភ្លាមៗ។
សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះទាំង២នាក់មានទី១៖ ឈ្មោះ ខួ តូរី អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ របួសធ្ងន់ត្រូវបញ្ជួនទៅមន្ទីរ ពេទ្យបាត់ដំបង, ទី២៖ ឈ្មោះ ឈឹម ឆាន អាយុ៣៧ឆ្នាំ រស់នៅភូមិជាមួយគ្នារបួសផ្លូវខាងឆ្វេង ស្រាល។
សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា បើបងប្អូនបានឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ត្រូវរាយការណ៍ ប្រាប់សមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីឲ្យអង្គភាព CMAC យកទៅរក្សាទុករងចាំកម្ទេចចោលនៅពេលក្រោយ សូមកុំនាំគ្នាយកទៅកែច្នៃខ្លួនឯង ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃផងដែរ៕