ស្នងការខេត្តពោធិ៍សាត់ ប្រគល់ថវិកា១២លានរៀល របស់សមាគមមិត្តនគរបាលជាតិ ជូនគ្រួសារសពនគរបាល៣នាក់ ដែលទទួលមរណភាព
19-12-2017 16:06
(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ថ្នាក់មូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានប្រគល់ថវិកាចំនួន១២លានរៀល ជូនដល់គ្រួសារសពមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៣រូប។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយ ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ប្តី ឬឪពុកជាទីស្រឡាញ់ ដោយលោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារនៃសព ក្រោយពីទទួលបានថវិកានេះ សូមយកទៅចាត់ចែងធ្វើបុណ្យ ឬក៏ធ្វើជាទុន សម្រាប់ប្រកបរបររកស៊ីផ្សេងៗ ដើម្បីបន្តបង្កើនជីវភាពក្នុងគ្រួសារបាន។
បើតាមលោកស្នងការ តាមលក្ខន្តិកៈរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាល ដែលជាសមាជិកទទួលមរណភាព ត្រូវបានប្រគល់ជូនថវិកាម្នាក់ចំនួន៤លានរៀល។
សូមបញ្ជាក់ក្រុមគ្រួសារសព ទី១៖គ្រួសារសព ឈ្មោះ ឡេង វណ្ណា ត្រូវបានប្រគល់ជូនកូនប្រុសឈ្មោះ ឡេង អក្ខរ៉ា អាយុ២៤ឆ្នាំ, ទី២៖សពឈ្មោះ កែវ ស៊ីនឈឿន ត្រូវបានប្រគល់ជូនកូនស្រីឈ្មោះ ឈឿន គឹមហុង អាយុ៣០ឆ្នាំ និងទី៣៖សពឈ្មោះ ឈុំ ចិត្រា ត្រូវបានប្រគល់ជូនកូនស្រីពៅឈ្មោះ ម៉ោញ សុទ្ធារ័ត្ន អាយុ២៥ឆ្នាំ៕