ឆ្នាំ២០១៧ ស៊ីម៉ាក់បោសសំអាតផ្ទៃដីមានគ្រាប់មីន បានជាង៨ពាន់ហិកតា និងកំទេចចោលគ្រាប់មីនជិត៤ម៉ឺនគ្រាប់, ឆ្នាំ២០១៨ ស៊ីម៉ាក់ ដាក់ផែនការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបាន៥ម៉ឺនគ្រាប់
19-12-2017 15:58
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧នេះ អង្គភាពស៊ីម៉ាក់ សម្រេចបោសសំអាតផ្ទៃដី មានបញ្ហាគ្រាប់មីន និងផ្ទៃដីចំការគ្រាប់ បានចំនួន ៨,៦៣៦ហិកតា និងកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួន ៣៧,៤៤៨ គ្រាប់។
លោក ហេង រតនា បានបន្ដថា បន្ថែមលើសនេះ ស៊ីម៉ាក់បានផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារមីន ការងារស្រាវជ្រាវ និងកំណត់ទីតាំង គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកគីមី ព្រមទាំងការងារហ្វឹកហ្វឹនកំរិតជាតិ និងកំរិតអន្តរជាតិផងដែរ។
អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន ២០១៨-២០២៥នោះ អង្គភាពស៊ីម៉ាក់មានផែនការរំដោះផ្ទៃចំការមីន និងចំការគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា ត្រៀមឆ្លើយតបសំណើរបន្ទាន់ៗ ៩០០០សំណើរ និងអាចបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ័នានាចំនួន៥០,០០០គ្រាប់។
ជាមួយគ្នានេះ លោក ហេង រតនា បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមនាំគ្នាថែរក្សា និងពង្រឹងសន្តិភាព ដែលបានមកដោយលំបាកបំផុត និងអំពាវនាវបញ្ឈប់វប្បធម៌ពឹងបរទេស មកគាបសង្កត់ និងបំផ្លិចបំផ្លាញ សេចក្តីសុខនិងវឌ្ឍនភាពខែ្មរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រលុបបំបាត់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យអស់ពីផ្ទៃដីកម្ពុជា នៅឆ្នាំ២០២៥៕