(ភ្នំពេញ)៖ ដោយមានការគិតគូរពីសុខទុក្ខគរុសិស្សមកពីខេត្តឆ្ងាយៗដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានក៏ដូចបុគ្គលិកអប់រំនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិ និងសាលាគរុកោសល្យ និងវិក្រិតការរាជធានីភ្នំពេញ ដែលបាន និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំផងនោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឲ្យរៀបចំពិធីសំណេះសំណាលជាលើកទី ២ ជាមួយបុគ្គលិកអប់រំ និងគរុសិស្សសរុបចំនួន ៤៩៨នាក់ ដែលពិធីនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រិតការអូរបែកក្អម។
ពិធីសំណេះសំណាលនេះ បានបើកឱកាសឱ្យមន្រ្តីកាកបាទក្រហមកម្ពុជា បានស្គាល់ និងយល់ដឹង ពីវឌ្ឍនភាពរបស់មជ្ឈមណ្ឌលដែលបានបង្កើតឡើង ចាប់តាំងពីឆ្នាំ ១៩៨៤ រហូតដល់បច្ចុប្បន្ននេះ ។ ចំណែកឯ បុគ្គលិកអប់រំ និងគរុសិស្សក៏បានយល់ដឹងថែមទៀតពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែរផងដែរ ។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ ជាពិសេស គរុសិស្សដែលជាទំពាំងស្នងឬស្សី សូមចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន អំពើហិង្សា គ្រឿងស្រវឹង ការសម្អាតបរិស្ថាន និងការថែទាំសុខភាព អនាម័យ។ល។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ជាចំណងដៃក្នុងឱកាសចូលឆ្នាំសកល ២០១៨ ខាងមុខ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ជូន បុគ្គលិកអប់រំ ចំនួន ១៣៣នាក់ ក្នុងម្នាក់ៗនូវ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់ គរុសិស្សចំនួន ៣៦៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០០,០០០រៀល៕