(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការតំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសនៅចំពោះមុខសាធារណជនយ៉ាងច្រើនកុះករ នៅក្នុងផ្សារទំនើបអ៉ីអនម៉ល ដោយស្នើឲ្យប្រើពាក្យ «ជនមានពិការភាព» ជំនួសពាក្យ «ជនពិការ» ដើម្បីបំបាត់ការរើសអើង និងដើម្បីជាការឲ្យតម្លៃចំពោះជនមានពិការភាពវិញ។
លោក ឯម ច័ន្ទមករា បានធ្វើឡើងខណៈលោក បានចូលរួមនៅក្នុងពិធីព្រឹត្តិការណ៍ពិសេសជុំវិញ ការតាំង ពិព័រណ៍ អបអរសាទរជនពិការ រៀបចំធ្វើនៅផ្សារទំនើបអ៉ីអនម៉ល រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងប្រាប់ឲ្យដឹងនៅក្នុងកម្មវិធីខាងលើនេះ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា មានមូលហេតុសំខាន់ៗ មួយចំនួន ដែលជំរុញឲ្យលោក ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយបង្វែរពីការប្រើពាក្យ «ជនពិការ» មកជាពាក្យ «ជនមានពិការភាព» វិញ ដើម្បីលើកទឹកចិត្តជនមានពិការភាព។
មូលហេតុដែលចង់ឱ្យមានការស្នើប្តូរពាក្យនេះគឺ ដោយសារតែលោក ឯម ច័ន្ទមករា សំឡឹងឃើញថា នៅបរិបទអន្តរជាតិ ប្រទេសនៅលើពិភពលោកបានឯកភាពឈប់ប្រើពាក្យ «Disabled Person» ដែលជាភាសាខ្មែរប្រើថា «ជនពិការ» ដោយប្រើពាក្យថា «Person With Disability» ប្រែជាខេមរៈភាសាថា «ជនមានពិការភាព» ជំនួសវិញ។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា ការប្រើពាក្យជនពិការ គឺមិនខុសទេ ប៉ុន្តែយើងចង់ប្រើពាក្យថា ជនមានពិការ ឱ្យស្របនឹងការប្រើជាលក្ខណៈសកល។ លោកបានបន្តថា នៅពេលដែលបងប្អូនជនពិការត្រូវបានគេហៅថា «ជនពិការ» ដូចជាបង្ហាញឲ្យឃើញថា សមត្ថភាពរបស់ពួកគាត់នៅមានកម្រិត ឬអន់ជាងមនុស្សធម្មតា។
តាមរយៈរដ្ឋមន្ត្រីសង្គមកិច្ច អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏គ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីប្រើពាក្យជំនួសពីការ ប្រើពាក្យ«ជនពិការ» មកជាពាក្យ «ជនមានពិការភាព»វិញ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់តម្លៃដល់បងប្អូនមាន ពិការភាពជាជាងការប្រើពាក្យ«ជនពិការ»៕