(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានក្រើនរំឭកធ្ងន់ៗជាថ្មីម្ដងទៀតហើយ ឲ្យមន្ត្រីអាជ្ញាធរសង្កាត់-ភូមិ គួរតែបន្ទន់ឥរិយាបទ ដាក់ចិត្ត ដាក់កាយ ទាំងកម្លាំងប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន ដោយគ្មានលក្ខ័ណ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ការក្រើនរំឭកហើយ រំឭកទៀតយ៉ាងដូច្នេះ ចំពោះមន្ត្រីអាជ្ញាធរសង្កាត់-ភូមិ ខាងលើនេះ ត្រូវបានលោក ជា ពិសី លើកឡើងក្នុងពេលដឹកនាំចៅសង្កាត់ច្រាំងចំរេះ២ លោក វ៉ាន់ ផន និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ មន្ត្រីក្រុមប្រឹក្សា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងយុវជនស.ស.យ.ក យុវជន ក.ក្រ.ក និងមន្ត្រីពាក់ព័ន្ធមួយចំនួន ចុះជួបសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ «ពោលគឺជនងាយរងគ្រោះ» ចំនួន២៤០គ្រួសារ ដែលមកពី៤ភូមិ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ស្ថិតក្នុងក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រាកដណាស់ ប្រជាពលរដ្ឋគ្រប់រូប និងមិនស្លាប់ដោយអត់បាយឡើយ ពីព្រោះសម្ដេចទាំងពីរ បានក្រើនរំលឹកហើយ រំលឹកទៀត ដើម្បីឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ដាច់ខាតត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ចំពោះជនងាយរងគ្រោះ ដោយតម្រូវឲ្យអាជ្ញាធរសង្កាត់-ភូមិ បន្ទន់ឥរិយាបទ ដាក់ចិត្ត ដាក់កាយ ទាំងកម្លាំងប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៍ដូចជាសេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន ដើម្បីបម្រើជូនប្រជាពលរដ្ឋ ដោយគ្មានលក្ខ័ណ។
លោក ជា ពិសី បានបញ្ជាក់ថា ចំពោះអំណោយដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់មកតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ឃីត១កញ្ចប់ (មានមី ទឹកត្រី ទឹកស៊ីអ៊ីវ ស្កសរ ត្រីខ ប្រេងឆា ទឹកក្រូច) រួមនិងថវិកាក្នុងម្នាក់ៗ ១០,០០០រៀល សរុប២,៤០០,០០០រៀល។
ដោយឡែក នៅថ្ងៃខែឆ្នាំដដែលនេះ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ បានពាំនាំយកនូវអង្ករ៣០គីឡូក្រាម និងថវិកាចំនួន១០០,០០០រៀល របស់ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ តំណាងឲ្យលោក ជា ពិសី អភិបាលខណ្ឌ ដើម្បីចូលរួមឧបត្ថម្ភជូនគ្រួសារសពលោកស្រី សុខ ស៊ីណាន អាយុ៥៤ឆ្នាំ ដើម្បីផ្ដល់នូវវប្បធម៌ចែករម្លែកការខ្វះខាតផ្សេងៗ ស្ថិតក្នុងក្រុមទី៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕