(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោសប្រធានទីផ្សារក្រុមហ៊ុនប្រេងតេលា ដាក់ពន្ធនាគារ២ឆ្នាំ៨ខែ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល និងបង្គាប់ឲ្យសងប្រាក់ទៅក្រុមហ៊ុនជាង៧២ម៉ឺនដុល្លារ។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះ។
បុរសជនជាប់ចោទឈ្មោះ គុណ ប៊ុនធឿន អាយុ៣៥ឆ្នាំ ត្រូវបានក្រុមហ៊ុនទុកចិត្តប្រគល់តួនាទី ឲ្យប្រមូលប្រាក់ថ្លៃប្រេងទូទាំងប្រទេស ប៉ុន្តែរយៈពេលចុងក្រោយ ក្រុមហ៊ុនតែងតែបាត់បង់នូវប្រាក់ចំណូល ទើបក្រុមហ៊ុនបានឆែកមើល និងផ្ទៀងផ្ទាត់បញ្ជីប្រមូលប្រាក់ ក៏រកឃើញថា មានការបាត់បង់ប្រាក់រហូតដល់ទៅជាង៧២ម៉ឺនដុល្លារ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដឹងថាប្រាក់ត្រូវបាត់បង់លើឈ្មោះ គុណ ប៊ុនធឿន ហើយក្រុមហ៊ុនបាននិយាយ ជាញឹកញាប់ណាស់ឲ្យឈ្មោះ គុយ ប៊ុនធឿន ប្រមែប្រមូលប្រាក់សងក្រុមហ៊ុនវិញ និងបានទុកពេលជាច្រើនទៀតផង តែផ្ទុយទៅវិញជនជាប់ចោទមិនបានកែប្រែខ្លួនទេ។
ដោយសារតែទង្វើបែបនេះ និងមិនចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនទើប នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុនបាននាំឈ្មោះ គុណ ប៊ុនធឿន ប្រគល់ទៅឲ្យការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ដោយឡែកជនជាប់ចោទ គុណ ប៊ុនធឿន ទទួលស្គាល់ថា ពិតជារឿងដូចការចោទប្រកាន់នោះមែន ប៉ុន្តែប្រាក់នោះមិនដល់៧២ម៉ឺនដុល្លារទេ គេអាចប្រមូលប្រាក់មកវិញ និងដាក់ទ្រព្យសម្បត្តិដែលមានប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក៕