(ស្ទឹងត្រែង)៖ សត្វព្រៃជាច្រើនប្រភេទ លើទីផ្សារស្ទឹងត្រែង បានរងនូវការបង្ក្រាប ដោយកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតនៅផ្សារសាមគ្គីស្ទឹងត្រែង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា នៅវេលាកើតហេតុ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះដល់គោលដៅទីតាំង និងបញ្ជាឲ្យចាប់បង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ ជាអ្នកលក់សាច់ព្រៃនោះផងដែរ។
ក្រោយការបង្ក្រាបរឹបអូសអាជីវកម្មល្មើសច្បាប់ ខាងកម្លាំងកងរាជអាវុធហត្ថ បាននាំមកបញ្ជាការដ្ឋាន ដោយមានការចូលរួមពិនិត្យ ពីសំណាក់លោកព្រះរាជអ្ញារងអមសាលាដំបូងខេត្ត រួមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើផងដែរ។
មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ស្ថិតក្នុងសកម្មភាពចុះបង្ក្រាបទីតាំង លក់សាច់ព្រៃខុសច្បាប់ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាម្ចាស់ឈ្មោះ ហួត តារា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោក សុខ សេដា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ក្រុងស្ទឹងត្រែង បានឲ្យដឹងថា វត្ថុតាងចាប់យកដោយកម្លាំងកងរាជអាវុធហត្ថ រួមមាន៖ សាច់ជ្រូកព្រៃចំនួន៤៥គីឡូក្រាម, អណ្តើកចំនួន ៣ក្បាល ទម្ងន់១៥គីឡូក្រាម, ក្រពះប្រម៉ាក្រៀមចំនួន៣, សត្វរញីរស់ចំនួន៥ក្បាល, និងសត្វត្រកួតរស់ចំនួន៣ក្បាល ទម្ងន់១៦គីឡូក្រាម។
ក្រោយធ្វើកំណត់ហេតុ រួមកម្លាំងកងរាជអាវុធហត្ថ បានប្រគល់វត្ថុតាងល្មើសច្បាប់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ បន្តនីតិវិធី។ ជាក់ស្តែងសត្វព្រៃរស់ ត្រូវបាននាំទៅសង្គ្រោះនៅតំបន់ មានសុវត្ថិភាព ចំណែកសាច់ព្រៃត្រូវដុតកម្ទេចចោល នៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើ៕