(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សេវាកម្មដឹកជញ្ជូនប្រភេទថ្មី ដោយភ្ជាប់កម្មវិធីលើទូរស័ព្ទដៃ (App) របស់ GRAB នឹងធ្វើឱ្យ អ្នកប្រកបរបររត់ឈ្នួល ក៏ដូចជា ប្រជាពលរដ្ឋយើងទទួលបានផលចំណេញច្រើន ហើយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសេវាក្រៅផ្លូវការ នៅពេលដែលបច្ចេកវិទ្យានេះ ត្រូវបានដាក់ឱ្យដំណើរការ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងឱកាសបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នូវសេវាកម្មចែករំលែកយានជំនិះ Grab ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
ទេសរដ្ឋមន្ដ្រីថ្លែងបន្ដថា «ពេលយើងតម្លើង Grab នៅលើទូរស័ព្ទដៃរបស់យើង នឹងផ្ដល់ភាពងាយស្រួល ពេលដែលធ្វើដំណើរទៅណាដោយរថយន្ដឈ្នួល គឺយើងអាចធ្វើការកក់ ឬហៅមធ្យោបាយធ្វើដំណើរនេះមកបានភ្លាមៗ ហើយយើងអាចមើលចំងាយផ្លូវដែលគេដាក់ក្នុងនោះ មានតម្លៃគិតជាគីឡូស្រាប់ ។ពិសេសនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន GRAB ធ្វើការរួមគ្នា ជួយវិភាគអំពីការគ្រប់គ្រងចរាចរណ៍ ដោយប្រើចំណុចគោលដៅ រថយន្តតាមប្រព័ន្ធ GPS របស់ក្រុមហ៊ុនGrab ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធរបស់យើង កុំឲ្យស្ទះចរាចរណ៍ផងដែរ»។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបន្ថែមថា នៅពេលខាងមុខនេះ ម៉ូតូឌុប និងម៉ូតូកងបី ក៏អាចចូលជាសមាជិកក្នុងកម្មវិធី Grab ផងដែរតែមុននឹងចូល ជាសមាជិក គឺតម្រូវឲ្យអ្នកម៉ូតូឌុប ទៅរៀនជិះម៉ូតូ ឱ្យបានត្រឹមត្រូវសិន។ ក្រៅពីនេះប្រជាពលរដ្ឋយើង ដែលមានររថយន្ដ ហើយទុកចោលមិនប្រើប្រាស់ ក៏អាចយករថយន្ដនោះ មករថឈ្មួលបានដែរ ដោយគ្រាន់តែចូលជាសមាជិក Grab។
បច្ចុប្បន្ននេះកម្ពុជា ក្លាយជាប្រទេសទី៨ នៅក្នុងតំបន់អាស៊ាន ដែលមានក្រុមហ៊ុន Grab បានផ្តល់សេវាកម្មប្រភេទនេះ ហើយសព្វថ្ងៃក្រុមហ៊ុន Grab កំពុងប្រតិបត្តិការរបស់ខ្លួន នៅក្នុងទីក្រុងរបស់អាស៊ាន ចំនួន១៥៦ ដោយមានអ្នកបើកបរជាង២.១ លាននាក់ ដែលធ្វើឲ្យពលរដ្ឋ មានភាពងាយស្រួល និងបង្កើតការងារធ្វើដល់អ្នកបើកបរផងដែរ។ កម្មវិធី Grab នេះ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ៥មុន បច្ចុប្បន្ន Grab គឺជាកម្មវិធីសម្រាប់ធ្វើការកក់ ឬហៅមធ្យោបាយធ្វើដំណើរ ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ីអាគ្នេយ៍៕