(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានណែនាំឲ្យកម្លាំងសមត្ថកិច្ចសហការគ្នាតាមដាន ស្រាវជ្រាវ និងចាប់ខ្លួនមេក្លោងជួញដូរមនុស្ស ជាពិសេសត្រូវបង្ក្រាបអំពើជួញដូរមនុស្សឲ្យដូចភ្លៀងរលឹម។
លោកអភិបាលខេត្តកំពង់ធំ លើកឡើងដូច្នេះក្នុងពិធីអបអរសាទរខួបលើកទី១១ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ក្រោមប្រធានបទ «រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សពីអំពើជួញដូរមនុស្ស» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ធំ ដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងលោកគ្រូ អ្នកគ្រូ គរុសិស្ស ព្រមទាំងសមាជិក ស.ស.យ.ក ទាំងអស់។
លោកស្រី ឃួន ឃុនឌី ប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានបញ្ជាក់នៅក្នុងពិធីឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់ កាន់តែខ្លាំងក្លា ក្នុងការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទេសភាពសម័យទំនើបគួរភ័យខ្លាច និងស្អប់ខ្ពើមផងដែរ។
លោក សុខ លូ បានផ្តល់អនុសាសន៍ល្អៗ ដល់សមាជិកអង្គប្រជុំ ជាពិសេសគរុសិស្ស អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ។
ក្នុងនោះ លោកអភិបាលខេត្ត បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុង ស្រុក មន្ទីរ-អង្គភាព និងមន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល ដោយខិតខំធ្វើការងារដោយមិនខ្លាចនឿយហត់ និងបានផ្តាំផ្ញើរដល់ស្ថាប័ននៃកងកំលាំងទាំង៣ ធ្វើការសហការគ្នា ជាមួយនិងអាជ្ញាធរដែនដីប្រើប្រាស់កំលាំងបង្កប់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពុំពាររួមគ្នាជំនះការលំបាក គ្រប់ឧបសគ្គ ក្នុងការទប់ស្កាត់បានទាន់ពេលវេលា។
លោកបានបន្តទៀតថា ជាពិសេសត្រូវធ្វើការតាមដាន ស្រាវជ្រាវ និងចាប់ខ្លួនមេក្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដែលត្រូវធ្វើជាប្រចាំឲ្យដូចភ្លៀងរលឹមមិនអាចធ្វេសប្រហែស បណ្តែតបណ្តោយ ព្រងើយកន្តើយ មិនខ្វាយខ្វល់ នឹងចំណុចខ្វះចន្លោះទំាងអស់នេះបានឡើយ ត្រូវកែលម្អជាបន្ទាន់ ព្រោះវាជាអំពើបំផ្លាញដល់មនុស្សជាតិ និងប្រទេសជាតិទាំងមូលផងដែរ៕