(កំពង់ធំ)៖ មន្ត្រីសាខាកាំកុងត្រូលកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនគរបាលមូលដ្ឋាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ ។ តែបានរកឃើញរកឃើញប្រហិតសាច់មាន់ ម៉ាក AFM ចំនួន១២កញ្ចប់ ស្មើនិង១២គីឡូក្រាម ផលិតនៅប្រទេសថៃ ទឹកប៉េងប៉ោះ ម៉ាក KK ចំណុះ ៣០០ ml ចំនួន១៣ដប ផលិតនៅប្រទេសថៃ ហតដកម្ទេស ម៉ាកPP ចំនួន៥កញ្ចប់ ស្មើនិង៥គីឡូក្រាម ផលិតនៅប្រទេសថៃ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕