(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការលើកឡើងរបស់ លោក លឺ ឡាយស្រេង ដែលបានញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរ ងើបឡើងបះបោរប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធ និង រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងទ័ពរបស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីគោរព តាមបញ្ជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ និងកម្ចាត់ជនដែលបង្កអសន្តិសុខ អស្ថិរភាពដល់កម្ពុជា។
ការចេញមុខថ្កោលទោសដល់ លោក លឺ ឡាយស្រេង ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី អតីតមន្រ្តីជាន់ខ្ពស់របស់ គណបក្សហ៊្វុនស៊ិនប៉ិច ដែលរត់គេចទៅក្រៅប្រទេសរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល និងប្រឆាំងជាមួយ កងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលកងទ័ពចាត់ទុកថា ជាអំពើល្មើសច្បាប់ថ្មីមួយទៀត មិនអាចអត់ឱនឱ្យបាន។ តាមរយៈវីដែអូឃ្លី ដែលផ្សាយនៅលើទំព័រ Facebook របស់លោក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ លោក លឺ ឡាយស្រេង ថែមទាំងលើកឡើងមួយចំនួនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ ព្រះចេស្តារបស់ព្រះមហាក្សត្រខ្មែរ ហើយជំរុញឱ្យព្រះអង្គចេញព្រះភក្រ្តដោះស្រាយ បញ្ហានយោបាយរបស់ អតីតគណបក្សសង្រ្គោះជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានអះអាងថា ការលើកឡើងរបស់ លោក លឺ ឡាយស្រេង គឺមានគោលដៅញុះញង់ឱ្យប្រជាជនបះបោរ ប្រឆាំងនឹង កងទ័ពតែម្តង។ នេះជាអំពើមួយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរណាស់ ហើយនេះក៏ជាអំពើមួយដែលប្រឆាំងនឹងសន្តិសុខសង្គម បង្កចលាចល នៅក្នុងប្រទេសជាថ្មីម្តងទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ បានព្រមានមិនអនុញ្ញាតឱ្យមានការបះបោរណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាឡើយ ហើយសកម្មភាពណាមួយ ដែលបំផ្លាញសុខសន្តិភាពរបស់ប្រទេសកម្ពុជា នឹងត្រូវកម្ចាត់ឱ្យខាងតែបាន ដើម្បីការពារសន្តិភាព និងស្ថិរភាពកម្ពុជា។
លោក ឈុំ សុជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការលើកឡើងរបស់ លឺ ឡាយស្រេង ជាអំពើញុះញង់ឱ្យប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយគឺជាអំពើពិសពុលឱ្យប្រជាពលដ្ឋប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធ។ ជំហរកងទ័ពមិនអនុញ្ញាតឱ្យមានអំពើណាមួយដែលក្បត់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ជាដាច់ខាត»។
សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង ដែលកំពុងរត់គេចទៅក្រៅប្រទេស ពេលនេះ បាននិងកំពុងរងនូវពាក្យបណ្តឹងចំនួន២ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការនិយាយប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ ក្នុងនោះមានបណ្តឹងមួយត្រូវបានប្តឹងដោយ លោក គី តិច មេធាវីតំណាងដោយអាណត្តិ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែតុលា និងបណ្តឹងមួយទៀត ប្តឹងដោយ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច៕