(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ រួមជាមួយព្រះសង្ឃ អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ និងយុវជនស.ស.យ.ក បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារក្នុងសង្កាត់ព្រៃវែង។
អំណោយដែលចែកជូនក្នុង០១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់០៧មុខផ្សេងទៀត និងថវិកា៣ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានធ្វើការលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើនក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ។
ជាមួយគ្នាក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា នៅក្នុងមូលដ្ឋាន និងបានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។
លោក នុត ពុធដារ៉ា ក៏បានធ្វើការណែនាំដល់បងប្អូនទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានល្អប្រសើរ តាមរយៈការហាត់ប្រាណ អនាម័យសុខភាព ហូបស្អាត ផឹកស្អាត ដើម្បីបន្តរស់នៅយូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើនទៅមុខទៀតរបស់ប្រទេសជាតិ៕