(កែប)៖ លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើសន្និសិទសាព័ត៌មានផ្សព្វផ្សាយស្តីពីកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ ពាក់ព័ន្ធពិធីបុណ្យសមុទ្រខេត្តកែប ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ និង២៤ ខែធ្នូ ឆ្នាំ២០១៧ដ៏ខ្លីខាងមុខនេះ។
ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ នៃពិធីបុណ្យសមុទ្រខាងលើ លោកស្នងការខេត្ត អ៊ីង សំអុល បានថ្លែងថា ដោយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការអន្តរក្រសួង សហការជាមួយអាជ្ញាធរខេត្តកែប បានរៀបចំពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ចាប់ផ្តើម ថ្ងៃទី២២- ២៣ និង២៤ ខែខធ្នូ ឆ្នាំ២០១៧។
លោកស្នងការបន្តថា ដើម្បីញាំងក្នុងពិធីបុណ្យសមុទ្រ ឲ្យអធិកអធមនេះឡើង រដ្ឋបាលខេត្តកែប បានរៀបចំពិធី មានដូចជា៖ ការសំដែងសិល្បៈ ការរៀបចំកីឡាគ្រប់ប្រភេទ មានកីឡាលើគោក កីឡាលើទឹក ។ល។ ដើម្បីបង្កការសប្បាយរីករាយដល់មហាជន ដែលមកធ្វើការកម្សាន្តក្នុងបុណ្យសមុទ្យដ៏ខ្លីខាងមុខនេះ ដើម្បីបង្ហាញមោទនភាពរបស់ជាតិខ្មែរយើង ក្នុងដំណាក់កាលមួយ ដែលប្រទេសយើង មានសន្តិភាព និងការអភិវឌ្ឍន៍ពេញបរិបូរ ក្នុងពេលបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា គោលការណ៍សំខាន់ៗ ចំនួន៧ចំណុច សម្រាប់អនុវត្ត ក្នុងគោលបំណងបញ្ចៀសនូវហេតុការណ៍កើតឡើងជាយថាហេតុ សម្រាប់សាធារណជន បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានខាងក្រោមនេះ៖
ទី១៖ អាជ្ញាធរនឹងបិទផ្លូវជាតិលេខ33A ចាប់ពីចំណុចមុខសាលាខេត្តកែប រហូតទៅដល់ឆ្នេរហែលទឹក ដោយការបិទចរាចរណ៍នេះ នឹងត្រូវបិទចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ហើយសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរឲ្យបងប្អូនជាអ្នកដំណើរដែលត្រូវឆ្លងកាត់នេះ ធ្វើដំណើរតាមផ្លូវវាង ដោយមានកងកម្លាំងនគរបាលចរាចរ និងកម្លាំងកងរាជអាវុធហត្ថជាអ្នកបង្ហាញផ្លូវ
ទី២៖ សាធារណជន និងភ្ញៀវដែលមកលេងបុណ្យសមុទ្រនេះ សូមឲ្យមានការប្រុងប្រយ័ត្ន ម្ចាស់ការលើផ្នែកសន្តិសុខផ្ទាល់ខ្លួន ទាំងមធ្យោផ្ទាល់ខ្លួន ក៏ដូចជាគ្រឿងអលង្កាជាដើម ជម្រើសដ៏ល្អគួរផ្ញើរមធ្យោបាយទាំងនោះនៅកន្លែងដាក់បញ្ញើរទើបប្រសើរ ធ្វើបែបនេះយើងជៀសវាងការបាត់បង់ទ្រព្យសម្បតិ្តមានតម្លៃផ្សេងៗ
ទី៣៖ លោកស្នើសុំក្នុងការប្រុងប្រយ័ត្នចំពោះក្មេងតូចៗដែលមកតាមជាមួយ ដើម្បីជៀសវាងការវង្វេង ព្រោះក្នុងពិធីបុណ្យសមុទ្រនេះមានមនុស្សច្រើន ហើយបើមានករណីវង្វេងសូមរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីឲ្យជួយប្រកាសរក និងជម្រើសដ៏ល្អគួរសរសេរលេខទូរស័ព្ទដាក់តាមហោប៉ៅកូនរបស់ខ្លួន
ទី៤៖ សុំឲ្យប្រុងប្រយ័ត្ន និងបង្កាអគ្គិភ័យមុនចេញពីផ្ទះសូមពិនិត្យមើលភ្លើងទៀន ភ្លើងធូប ឬចរន្តអគ្គិសនី បើអាចបិទបារ៉ែតកាន់តែល្អ ហើយត្រូវបិទបង្អួត ចាក់សោរទ្វារផ្ទះឲ្យបានត្រឹមត្រូវ។ ចំពោះអាជីវករក្នុងតំបន់ពិសេស ចំណុចផ្សារក្តាម សូមបង្កាប្រុងប្រយ័ត្នខ្ពស់រាល់ការប្រើហ្កាសចំអិនអាហារ គួរបង្ការបំពង់សម្រាប់ពន្លត់អគ្គីភ័យរបស់ខ្លួនជាប្រចាំ
ទី៥៖ លោកស្នើសុំកុំឲ្យប្រើប្រាស់ឧបករណ៍ និងសម្ភារដែលគណៈកម្មការអន្តរក្រសួង និងសមត្ថកិច្ចបានហាមឃាត់ និងច្បាប់ហាមប្រាម ដូចជា ការប្រើឯកសណ្ឋានខុសច្បាប់ រួមមាន៖ ឯកសណ្ឋានប៉ូលិស កងយោធពលខេមរភូមិន្ទ កងរាជអាវុហត្ថជាដើម។ ជាមួយនេះ ក្នុងពិធីនេះហាមដាច់ខាតមិនឲ្យប្រើប្រាស់អាវុធជាតិផ្ទុះ ដាវ កាំបិត ខ្នោះដៃ ស្នាប់ដៃ ដែលសុទ្ធសឹងជាឧបករណ៍ល្មើសច្បាប់។ ក្រៅពីនោះបើពុំមានការចាំបាច់ គឺមិនអនុញ្ញាតឲ្យប្រើផាវ និងកាំជ្រួចឡើយ
ទី៦៖ ស្នើសុំកុំឲ្យមានការបង្ហោះដ្រូន Drone ដោយការប្រើដ្រូននៅទីនោះ មានតែអង្គភាព ឬទូរទស្សន៍ ដែលបានស្នើសុំពីគណៈកម្មការអន្តរក្រសួង
ទី៧៖ សាធារណៈជន ពិសេសភ្ញៀវដែលមកលេងនៅទីនេះ ត្រូវស្វែងយល់ពីលេខទូរស័ព្ទរបស់កម្លាំងសមត្ថកិច្ច ព្រោះពេលនេះសមត្ថកិច្ចយើងក៏បានផលិតលេខទូរស័ព្ទទាន់ហេតុការណ៍ជាច្រើនខ្សែផងដែរ។
ឆ្លៀតឱកាសនេះ លោកស្នងការ ក៏បានអំពាវនាវ និងសំនូមពរដល់សាធារណជនទាំងអស់ ដែលមានការពាក់ព័ន្ធ ជាមួយមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន លើចំណុះចាប់ពី១តោនឡើងទៅ ត្រូវរូតរះធ្វើដំណើរ ឬដឹកជញ្ជូនឲ្យហើយមុនព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣៣ ដើម្បីបញ្ជៀសការកកស្ទះចរាចរ និងសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រមុខ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមកចូលរួម និងអបអរសាទរ ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការ នូវអាគារកម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង និងខេត្តកែប ដែលជាអំណោយ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នៅវេលារសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បើកជាផ្លូវការពិធីបុណ្យសមុទ្រ ដែលប្រព្រឹត្តទៅ នៅលើបណ្តោយផ្លូវជាតិលេខ៣៣អា មុខសាលាខេត្តកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕