(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងស្តារលូទាំងអស់ មិនថាលូខ្នាតតូច ឬធំឡើយ ដែលមានប្រវែងជិត៥០០គីឡូម៉ែត្រ នៅក្នុង៤ខណ្ឌ នាកណ្តាលក្រុងភ្នំពេញ ហើយគម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅដើមខែមករាខាងមុខនេះ ដោយប្រើរយៈពេល៥ខែ ដើម្បីអនុវត្តផែនការនេះឲ្យបានរួចរាល់មុនរដូវវស្សាមកដល់។
គម្រោងថ្មីនៃការស្តារលូនេះ បានបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង៤ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំនេះថា បញ្ហាទឹកភ្លៀងជន់លិចនៅរាជធានីភ្នំពេញ ជាបញ្ហាប្រឈមមួយដែលអាជ្ញាធរ រាជធានី បាននឹងកំពុងធ្វើការដោះស្រាយ ខណៈបញ្ហានេះដោះស្រាយមិនទាន់បានល្អប្រសើរនៅឡើយ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះទើបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ពិភាក្សានេះឡើង ដើម្បីស្វែងរកដំណោះស្រាយអោយបានល្អ កាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងជាអតិបរិមានៅរដូវវស្សាឆ្នាំក្រោយ។
លោកបន្តថា បញ្ហាដែលយើងបានដោះស្រាយនោះ គឺយើងស្តារប្រឡាយទឹក បង្កើនស្ថានីយបូមទឹក កសាងបណ្តាញលូមេ ពិសេស៤ខណ្ឌនៅកណ្តាលក្រុង។
លោកបន្តទៀតថា លើបញ្ហានេះក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានដាក់ចេញជាផែនការថ្មីមួយ ដោយឲ្យស្តារលូទាំងខ្នាតតូច និងធំ ដែលមានប្រវែង៤៦០គីឡូម៉ែត្រ នៅក្នុង៤ខណ្ឌ កណ្តាលក្រុងភ្នំពេញ ហើយគម្រោងនេះ លោកអភិបាលជម្រុញឲ្យអនុវត្តនៅដើមខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដោយប្រើរយៈពេល៥ខែ ដើម្បីអនុវត្តផែនការនេះឲ្យបានរួចរាល់មុនរដូវវស្សាមកដល់។
លើកិច្ចការងារនេះលោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលដាក់ចេញដោយលោកអភិបាលរាជធានីនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកទាំងស្រុងលើការស្តាលូនៅតាមផ្លូវធំៗ នៅក្នុងខណ្ឌទាំង៤ កណ្តាលក្រុង ក្នុងនោះរួមមាន៖ ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ ។
ចំណែកអាជ្ញាធរខណ្ឌនីមួយៗវិញ ជាអ្នកទទួលខុសត្រូវលើការស្តារ លូនៅតាមបណ្តោយផ្លូវតូចៗ នៅក្នុងមូលដ្ឋានរបស់ខ្លួនរាងៗខ្លួន ហើយកិច្ចការងារនេះ ត្រូវអនុវត្តអោយបានរួចរាល់ក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមចេញដំណើរពីខណ្ឌទួលគោកមុនគេ៕