(កែប)៖ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្ពុជាបានធ្វើឲ្យបរិមាណជនពិការ មានការថយចុះដោយមូលហេតុធំៗដូចជា ការបញ្ចប់សង្រ្គាម ធ្វើឲ្យជនពិការដោយសារសង្រ្គាម ត្រូវបានលុបបំបាត់ កំណើនសេដ្ឋកិច្ចខ្ពស់ បានចូលរួមចំណែក ក្នុងការកាត់បន្ថយអាត្រាជនពិការ កម្មវិធីបង្ការពិការភាព ដល់ប្រជាជនគ្រប់រូប លទ្ធផលនៃការដោះមីន ការពង្រឹងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាដើម។
ការលើកឡើងរបស់លោក ហាច ហ៊ាន តំណាងរដ្ឋមន្រ្តីសង្គមកិច្ច បានធ្វើឡើងនៅក្នុងកម្មវិធីសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តបនុ្តរបស់មូលនិធិជនពិការរៀបចំធ្វើនៅសណ្ឋាគារ រ៉ករ៉ូយ៉ាល់ និងរីសត ស្ថិតនៅខេត្តកែប នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក ហាច ហ៊ាន បានបន្តឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការថ្នាក់ជាតិ និងស្ថាប័នសាធារណៈ ដើម្បីសម្របសម្រួល និងអនុវត្តលើការងារវិស័យពិការភាព មានជាអាទិ៍ ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ ក្នុងទិសដៅ ជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឲ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា យន្តការនេះ បានរួមចំណែកយ៉ាងច្រើន ដល់ការធានាគោរពសិទ្ធិជាមូលដ្ឋានរបស់បងប្អូនជនពិការ បង្កើតឱកាសច្រើន និងលក្ខណៈងាយស្រួលដល់បងប្អូនជនពិការ លុបបំបាត់ការរើសអើង ដែលបងប្អូនជនពិការ និងធ្វើឲ្យបងប្អូនជនពិការឈរ ដោយស្មើភាព និងស្មើសិទ្ធិក្នុងសង្គម។
បន្ថែមពីលើនេះ ជនពិការក៏កាន់តែមានសមត្ថភាពអាចចូលរួមក្របកួតប្រជែង ក្នុងទីផ្សារពលកម្ម ដែលអាចរកប្រាក់ចំណូល ដើម្បីធានាជីវភាពរស់នៅប្រកបដោយឯករាជ្យ និងសេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ ក្នុងនោះជនពិការត្រូវបានដាក់ឲ្យបម្រើការងារ តាមក្រសួង ស្ថាប័ន។
ជាពិសេសជាងនេះទៅទៀត បងប្អូនជនពិការ ត្រូវបានផ្តល់អទិភាព ក្នុងការផ្តល់ដីសម្បទាន សង្គមកិច្ច សម្រាប់សាងសង់លំនៅដ្ឋាន ធ្វើអាជីវកម្ម កសិកម្ម ជាលក្ខណៈគ្រួសារទៀតផង។ ជាក់ស្តែង រាជរដ្ឋាភិបាល បានផ្តល់កម្មសិទ្ធិដីធ្លី និងបានសាងសង់លំនៅដ្ឋានជនពិការ តាកែន កោះស្លា តំបន់អភិវឌ្ឍជនពិការ៣២៧ នៅស្រុកគូលេន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។
ដោយឡែក យើងក៏បានផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅតាមសហគមន៍ ដើម្បីចូលរួមចំណែក ជួយដល់ជនពិការ ដែលក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យបាល ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេសសម្រាប់ជនពិការគ-ថ្លង់ ជនពិការភ្នែក គ៏ត្រូវបានអភិវឌ្ឍផងដែរ។
ឆ្លងតាមរបាយការណ៍របស់លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានឆ្លុះបញ្ចាំងឲ្យឃើញថា មូលនិធិជនពិការ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលទទួលបន្ទុកជាចំបង លើការគ្រប់គ្រងមជ្ឈមណ្ឌល និងការផ្តល់សេវាស្តារលទ្ធភាពពលកម្ម បាននឹងកំពុង និងអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្រោមការជួយឧបត្ថម្ភសហការរបស់អង្គការមិនមែនរាជរដ្ឋាភិបាលអន្តរជាតិ។
ក្រសួងសង្គមកិច្ច ដែលជាអាណាព្យបាលផ្នែកបច្ចេកទេស នៃមូលនិធិជនពិការ នៅមានការព្រួយបារម្ភ អំពីបញ្ហានិរន្តរភាព នៃការងារនេះ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ពីព្រោះអង្គការដែលជួយ លើវិស័យស្តារទាំង៤ កំពុងប្រឈម មុខនឹងបញ្ហាថវិកា ដោយម្ចាស់ជំនួយ បានកាត់បន្ថយការគាំទ្រ និងជំរុញឲ្យរាជរដ្ឋាភិបាលឲ្យចូលរួមថវិកាបដិភាពឲ្យបានច្រើនថែមទៀតក្នុងវិស័យនេះ។ ប៉ុន្តែក្នុងដំណាក់កាលបច្ចុប្បន្ន ដោយមូនិធិ ជនពិការ មិនទាន់មានការរឹងមាំ សូមស្នើឲ្យអង្គការដៃគូ នៅបន្តគាំទ្រ ជួយសហការឧបត្ថម្ភ ដល់មូលនិធិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញាវត្ថុ។
ទោះបីសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណាក៏ដោយ ក៏យើងនៅតែមានបញ្ហាប្រឈមនានា ជាច្រើនទៀត ដែលថ្ងៃនេះ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តបនុ្តរបស់មូលនិធិជនពិការ ជាឱកាសសំខាន់ លើការផ្លាស់ប្តូរយោគបល់ល្អៗ ក្នុងន័យស្ថាបនា និងពិភាក្សាគញនាឲ្យបានផុសផុល រកឲ្យឃើញការប្រឈម ណិងដំណោះស្រាយ៕