(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧នេះ បានលើកឡើងថា លោកនឹងបានប្តេជ្ញាចិត្ត ធ្វើយ៉ាងឲ្យទីក្រុងជាប់ព្រំដែនកម្ពុជា-ថៃ មួយនេះមានសោភ័ណភាពស្រស់ស្អាតក្នុងរយៈដ៏ខ្លីខាងខាងមុខនេះ។
លោក សាន ស៊ានហូ បានបន្តថា «ចំពោះបញ្ហាសំរាមវិញយើង មិនអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលសំរាមទុកចោល ពាសវាលពាលកាលឡើយត្រូវប្រមូល ឲ្យឆាប់រហ័ស និងកំណត់ពេលឲ្យច្បាស់លាស់ ក្នុងការប្រមូល សម្រាប់ផ្លូវជាតិទុករយៈពេល២ថ្ងៃប៉ុណ្ណោះ រីឯផ្លូវខាងក្នុងក្រុងវិញទុករយៈពេលតែ៣ថ្ងៃ ប៉ុណ្ណោះប្រសិនជាធ្វើមិនបានលោកនឹងចាត់ការតែម្តង និងប្រឈមនឹងការរកដៃគូថ្មី»។
លោក សាន ស៊ានហូ បានបញ្ជាក់ថា ទោះជាលោកទើបមកកាន់តំណែងថ្មី តែដោយមានការយកចិត្តទុកដាក់នូវបញ្ហាផ្សេងៗ មានដូចជា៖ សណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន ជាពិសេសបញ្ហាផ្លូវថ្នល់ ចិញ្ចើមផ្លូវ លោកបានខិតខំដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះអនុវត្តដោះស្រាយបញ្ហាទាំងនោះភ្លាមៗដោយផ្ទាល់ និងបានចង្អុលបង្ហាញមកអាជ្ញាធរមូលដ្ឋាន។
ជាក់ស្ដែង បន្ទាប់ពីលោកអភិបាលក្រុងប៉ោយប៉ែតថ្មី បានឡើងកាន់តួនាទីភ្លាម បានបើកយុទ្ធនាការរំដោះចំណីផ្លូវដែលត្រូវប្រជាពលរដ្ឋ និងអាជីវក រំលោភយកមកធ្វើជាកម្មសិទ្ធ នៅចំនុចរង្វង់មូលរាល់អគារ តូច ធំ កាស៊ីណូ ដែលបំពានយកចំណីផ្លូវ និងត្រូវយកមកវិញធ្វើជាចំណីផ្លូវសាធារណៈ នឹងការបន្តរៀបចំសណ្ដាប់ធ្នាប់សាធារណៈ អានាម័យ បរិស្ថាន ទីក្រុងស្អាត និងបានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់ គ្នាដើម្បីទីក្រុងស្អាតរបស់យើងទាំងអស់គ្នា៕