(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានជួបសំណេះសំណាល និងជូនដំណើរកងទ័ព ជាពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងព្រៃវែង ឲ្យទៅហ្វឹកហ្វឺន នៃក្របខណ្ឌនៅយោធភូមិភាគទី១។
លោកឧត្តមសេនីយ៍ត្រី មឿន សាម៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រៃវែង បានលើកឡើងថា តំបន់ប្រតិបត្តិការសឹងរងព្រៃវែង បានជូនដំណើកងទ័ព ជាពលទាហានបំពេញក្របខណ្ឌឲ្យ យោធភូមិភាទី១ នៃកងទ័ពជើងគោក ដើម្បីបញ្ជូនឲ្យថ្នាក់លើតាមការកំណត់នៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងនូវឃឿនការពារជាតិ ការពារធិបតេយ្យភាព ភាពសុខសាន្ត និងសណ្តាប់សង្គម ព្រមទំាងអនុវត្តតាមផែនការ សំណូមពរ ភារកិច្ចចាំបាច់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។
លោកបន្តថា ពលទាហានទាំងអស់ ដែលបានជ្រើសរើស បានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដែលមានការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយសម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមបានយ៉ាងម៉ត់ចត់។ ជាលទ្ធផល សម្រេចទទួលយក និងបញ្ចូលក្នុងក្របខណ្ឌពលទាហានបានចំនួន១១៩នាក់។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅសិក្សា៖ ទី១-សាលានាយទាហានរងពេជ្រនិល ខេត្តកំពងង់ស្ពឺ និងទី២-សាលាពលទាហានទី២ ស្រែស្ពៃខេត្តត្បូងឃ្មុំ ត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជារបស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រនូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពដឹកដី និងការពារសេចក្តីសុខជូនប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនូវការប៉នប៉ងណាមួយ ចង់ផ្តួលរំលំរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា។
ក្នុងឱកាសនោះដែរលោក ជា សុមេធី បានឧបត្ថមថវិកាដល់ពលទាហានចំនួន១១៩ក្នុងម្នាក់ៗ ទទួលបានថវិកា៥០០០០រៀល និងក្រមារមួយផងដែរ៕