(ស្វាយរៀង)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរក្រុង-សង្កាត់ ដែលកន្លងមកបានខិតខំអនុវត្តការងារ អភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរនាពេលកន្លងមក ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួន។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានជំរុញឲ្យមន្រ្តីទាំងអស់បន្តប្រឹងប្រែងកាន់តែខ្លាំង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលកើតមានឡើងទៅលើពូកគាត់។
លោក ម៉ែន វិបុល បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពពិធីរៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ក្រុង ឆ្នាំ២០១៧ ដោយមានការចូលរួម ពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុប៦៧នាក់ ស្រី១៨នាក់ នៅសាលាខេត្តស្វាយរៀង។
លោក ម៉ែន វិបុល ក៏បានសម្ដែងនូវការអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនទាំងអស់ដែលបានសហការគាំទ្រ ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់សង្កាត់តាំងពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលនៃការ ធ្វើសមាហរណកម្មនេះ ព្រមទាំងបានបញ្ជាក់ពីគោលបំណង នៃការរៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីឲ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើង ដោយសង្កាត់មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ អង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួម នៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានសំណូមពរដល់អង្គសិក្ខាសាលាទាំងមូល ត្រូវរួមគ្នាពិនិត្យមើលពីមូលហេតុដែលគម្រោងនានានៅឆ្នាំចាស់បានលើកឡើង ហើយប៉ុន្តែមិនអាចអនុវត្តបានផ្ដល់ការគាំទ្រ លើផែនការនៅក្នុងគម្រោងឲ្យបានច្រើនចៀសវាងគម្រោងជាន់គ្នារវាងសង្កាត់ និងមន្ទីរជំនាញដែល ជាអង្គភាពគាំទ្រ៕