(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម បានអញ្ជើញចូលរួមពិធីអាហារស្វាគមន៍ នៅបរិវេណគណៈកម្មការបក្សខេត្ត ប៊ិញភឿក ប្រទេសវៀតណាម នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
ពិធីអាហារស្វាគមន៍នេះ រៀបចំឡើងដោយគណៈកម្មការបក្សខេត្តប៊ិញភឿក ដើម្បីទទួលស្វាគមន៍ដល់គណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម នាឱកាសនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល ចម្រុះតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ (11th CLV DTA JCC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងឱកាសពិធីជប់លៀងស្វាគមន៍នេះ លោក ឃួន អានមិញ អនុប្រធានគណៈកម្មការបក្សខេត្តប៊ិញភឿក បានថ្លែងសុន្ទរកថាស្វាគមន៍ ដល់គណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម និងបានរំលេចនូវទំនាក់ទំនងដ៏ល្អជាប្រពៃណី រវាងប្រជាជន និងប្រទេសទាំងបី៕