(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន Yon woo Cambodia Co.Ltd ដែលដំណើរការសាងសង់អគារពាណិជ្ជកម្ម៤២ជាន់ ដែលមានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ បានចេញមុខអះអាង ពីសុវត្ថិភាពនានាជុំវិញការសាងសង់អគារ៤២ជាន់ នាដើមឆ្នាំ២០១៨ខាងមុខនេះ ដែលមានទីតាំងនៅចំណុចកែងមហាវិថីព្រះមុនីវង្ស និងវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងការសាងសង់អគារ៤២ជាន់ ដែលចំណាយថវិកាជាង១៤០លានដុល្លារ នាពេលខាងមុខនេះ ក្រុមហ៊ន Yon Woo Cambodia Co.Ltd បានលើកឡើង ក៏ដូចជាបញ្ជាក់ជូនមហាជនពីកត្តាសំខាន់ៗ ចំនួន៤ ដែលទាក់ទងនឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន លើបញ្ហាសុវត្ថិភាពសាធារណៈ។
ប្រព័ន្ធសុវត្ថិភាពទាំង៤ចំណុចនោះរួមមាន៖
*ការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់យ៉ាងត្រឹមត្រូវ ហើយបោសសំអាត និងធ្វើការរក្សាអនាម័យរៀងរាល់ថ្ងៃ នៅក្នុងការដ្ឋានខាងលើ
*បន្ទះពុម្ពនៅខាងលើដំបូលអគារភ្លោះ ត្រូវបានធ្វើការត្រួតពិនិត្យដោយបុគ្គលិកបច្ចេកទេស នៃក្រុមហ៊ុន SL Formwork Cambodia Co.Ltd ក្នុងមួយខែម្តង
*មានការការពារដោយដាក់សំណាញ់សុវត្ថិភាព ព័ទ្ធជុំវិញអគារនៅគ្រប់ជាន់ ហើយនៅពេលយប់អគារ៤២ជាន់នេះ មានភ្លើងបំភ្លឺនៅលើដំបូលអគារ
*អគារពាណិជ្ជកម្ម៤២ជាន់ គោរពច្បាប់របស់ប្រទេសកម្ពុជា ដើម្បីការពារ សុវត្ថិភាពសាធារណៈ ហើយក្រុមហ៊ុន Yon Woo ព្យាយាមមិនឲ្យប៉ះពាល់ ដល់សុវត្ថិភាពសារធាណៈនោះឡើយ។
សូមជម្រាបថា អគារ Golden Tower ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០០៨ និងបានផ្អាកសកម្មភាពសាងសង់ជាច្រើនលើក រហូតមកទល់ពេលនេះ ដែលសម្រេចបានត្រឹម ៣១ជាន់នៃគម្រោង ៤២ជាន់។ ក្រុមហ៊ុន Yon Woo បានចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុន Waiman Construction & Engineering ពីប្រទេសចិន ដើម្បីបន្តដំណើរការសាងសង់អគារ៤២ជាន់នេះ។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន Yon Woo បានអះអាងថា បន្ទាប់ពីមានកិច្ចសន្យានេះ ដំណើរការសាងសង់នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ និងបញ្ចប់គម្រោងនៅចុងឆ្នាំ២០១៩។ លោកបន្ថែមថា ការសាងសង់ដែលបានផ្អាកដំណើរការកន្លងមកនេះ ក្រុមហ៊ុនបានចំណាយទុនប្រមាណ ១០០លានដុល្លារ ហើយគ្រោង១៤០លានដុល្លារទៀត ដើម្បីសាងសង់បញ្ចប់គម្រោង។ បើតាមប្រធានក្រុមហ៊ុន Yon Woo រូបនេះ អគារ Golden Tower ទាំងមូលនៃគម្រោង គឺរួមមានបន្ទប់ស្នាក់នៅចំនួន ៣៩៩យូនីត ផ្សារទំនើប និងការិយាល័យ៕