(ភ្នំពេញ)៖ ស្រ្តីចំណាស់ម្នាក់រួមជាមួយកូនស្រី និងក្មួយៗ បានធ្វើដំណើរមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួចបានបន្តទៅប្ដឹងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្ទាប់ពីកូនស្រីរបស់គាត់ម្នាក់ ត្រូវបានស្រ្តីម្នាក់ទៀត ល្បួងនាំមកទិញខោអាវនៅភ្នំពេញ រួចក៏បានបាត់ខ្លួនរយៈពេលជិតសប្តាហ៍ទៅហើយ ដោយ មិនឃើញនាងត្រឡប់ទៅផ្ទះវិញសោះ ដែលជាហេតុធ្វើឲ្យគាត់ និងក្រុមគ្រួសារទាំងមូល មានការព្រួយបារម្ភខ្លាំងណាស់។
ស្រ្តី តៅ មែ អាយុ៥៣ឆ្នាំ មានប្ដីឈ្មោះព្រាប ងន អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិតាំងឬស្សី ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់ឈ្មោះ ង៉ែត ចាន់ធឿង អាយុ១៨ឆ្នាំ ជាកូនទី៣ ក្នុងចំណោមកូនគាត់៥នាក់។ ចំណែកស្រ្តីដែលជាអ្នកល្បួងនាំមកភ្នំពេញឈ្មោះ សុង លីដា អាយុជាង២០ឆ្នាំ មានប្ដី និងកូន មានទីលំនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ស្រ្តីរូបនេះបានបន្តទៀតថា កូនស្រីគាត់បានបាត់ខ្លួនតាំងពីវេលាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ ដោយស្រ្តីឈ្មោះ សុង លីដា បានល្បួងកូនស្រីគាត់ទៅភ្នំពេញ ថា ទៅរកទិញខោអាវ។ ពេលនោះកូនស្រីគាត់ បានបដិសេធថា អត់ទៅទេ ព្រោះអត់លុយ ប៉ុន្តែស្រ្តីនោះប្រាប់ថា អត់លុយក៏ទៅបានដែរចាំខ្លួនទិញឲ្យ ទើបកូនស្រីគាត់បានយល់ព្រមទៅជាមួយ។
ស្រ្តីជាម្ដាយ បានបន្តរៀបរាប់ទៀតថា បន្ទាប់មកក៏មានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត ដែលជាមិត្តភក្ដិរបស់ឈ្មោះ សុង លីដា រស់នៅខេត្តកំពត ក៏ទៅជាមួយដែរ។ នាង សុង លីដា បានយកម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-6476 ជិះដឹកកូនស្រីគាត់ និងមិត្តភក្ដិរបស់គេមកភ្នំពេញ ហើយក៏បាត់រហូត។
លុះដល់វេលាល្ងាចថ្ងៃដដែល ដោយមិនឃើញត្រឡប់ទៅផ្ទះវិញ គាត់បានខលទៅកូនស្រី ហើយត្រូវបាននាង សុង លីដា ប្រាប់ថា អត់បានទៅផ្ទះទេ ព្រោះជាប់រវល់ចូលរួមកម្មវិធីខួបកំណើតមិត្តភក្ដិ ហើយត្រូវដេកនៅភ្នំពេញ១យប់។ លុះដល់ថ្ងៃបន្ទាប់ គាត់ខលរកកូនស្រីទៀត ស្រាប់តែខលលែងចូលរហូតមកដល់ពេលនេះតែម្ដង ដោយមិនដឹងថា កូនស្រីគាត់មានបញ្ហាអ្វីឡើយ ពិតជាបារម្ភខ្លាំងណាស់ទើបរត់រកនគរបាលឲ្យជួយ ហើយមុននិ ងមកដល់ភ្នំពេញគាត់បានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលពុតស និងនគរបាលស្រុកបាទីរួចហើយដែរ។
នារីរងគ្រោះត្រូវភ្ជាប់ពាក្យជាមួយគូដណ្តឹង នៅថ្ងៃអាទិត្យខាងមុខនេះផងដែរ៕