(ព្រះវិហារ)៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងនាពេលព្រឹកព្រលឹម ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរោងដាក់សម្ភារ និងជាកន្លែងស្នាក់នៅ របស់កម្មករត្រូវបានឆេះអស់គ្មានសល់ តែសំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលទូរស័ព្ទពីប្រជាពលរដ្ឋមកថា មានភ្លើងឆេះខ្លាំងនៅរោងក្រោយផ្ទះប្រជាពលរដ្ឋដោយពុំដឹងមូលហេតុ ភ្លាមនោះរូបលោក បានចុះទៅពិនិត្យកន្លែងកើតហេតុឃើញភ្លើងកំពុងឆេះ សន្ធោសន្ធៅ លោកបានឲ្យប្រជាពលរដ្ឋនាំគ្នាជួយដងទឹកពន្លត់ ដើម្បីកុំឲ្យឆេះរាលឆ្លងទៅផ្ទះផ្សេងទៀត និងបានហៅរថយន្តពន្លត់អគ្គីភ័យ របស់អធិការស្រុកជាំក្សាន្ត មកជួយបាញ់ពន្លត់ផងដែរ ទើបធ្វើឲ្យភ្លើងរលត់។
លោក ជា គឹមសេង បានបន្តថា ដោយដកស្រង់សំដីម្ចាស់ផ្ទះថា មុនពេលកើតហេតុពោល គឺនៅព្រលប់ថ្ងៃទី១៨ ខែធ្នូ ម្ចាស់ផ្ទះបានពន្លត់ភ្លើងចង្ក្រាន ដោយចាប់ធ្យូងដែលមានរងើកភ្លើងដាក់ក្នុងក្រឡ ហើយក៏សម្រានទៅ ដោយឡែកនៅរោងដែលឆេះនោះមានកម្មករ៣នាក់ សម្រាកនៅទីនោះ និងមានដាក់របស់ដូចជា អាគុយ និងទឹកអាស៊ីតមិនដឹងជាមូលហេតុអ្វី ស្រាប់តែភ្លើងឆេះយ៉ាងសន្ធោ សន្ធៅ ធ្វើឲ្យកម្មករដែលដេកនោះរត់សឹងមិនទាន់។
លោកអភិបាលស្រុកបន្តថា បើកុំតែជួយពន្លត់ទាន់ ម្ល៉េះផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះប្រមាណ១០ផ្ទះ មិនដឹងទៅជាយ៉ាងណានោះទេ ហើយករណីនេះ មិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ឬរបួសមនុស្សនោះទេ គ្រាន់តែឆេះរោងទំហ៊ំ៥ម៉ែត្រ គុណ៦ម៉ែយ្រខូចខាតអាគុយ និងទឹកអាស៊ីតប៉ុណ្ណោះ។
លោក ជា គឹមសេង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ព្រោះរដូវនេះ ជារដូវរាំងស្ងួត ងាយរងនូវការឆាបឆេះណាស់ ដូច្នេះសូមចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា៕